បន្ទាយមានជ័យ៖ដោយសារតែជីវភាពក្រីក្រពេក ស្ត្រីវ័យកណ្តាលម្នាក់បានចាកចេញពីផ្ទះទៅរើសខ្យងនៅតាមវាលស្រែពេលមេឃកំពុងភ្លៀង ហើយត្រូវរន្ទះបាញ់ស្លាប់ទាំងមានផ្ទៃពោះជិតគ្រប់ខែសម្រាលពេលកំពុងអង្គុយខ្យង។ករណីអកុសលនេះដែរបានកើតឡើងនៅវេលាម៉ោង៥ល្ងាចថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចផ្ទះជនរងគ្រោះក្នុង ភូមិសន្តិភាព ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
មន្ត្រីមូលដ្ឋានបានប្រាប់អ្នកយកព័ត៌មានយើងឱ្យដឹងថា ស្ត្រីរងគ្រោះមានឈ្មោះ បាន លី អាយុ៤៤ឆ្នាំ មានផ្ទៃពោះ៨ខែ រស់នៅក្នុងភូមិកើតហេតុខាងលើ។ក្រុមគ្រួសារនេះមានសមាជិកគ្រួសាររហូតដល់ទៅ៨នាក់ស្រី៤នាក់។ដោយសារតែជីវភាពក្រីក្រ ស្ត្រីរូបនេះតែងតែចេញទៅរកក្តាមខ្យងនៅតាមវាលស្រែទោះជាគ្មានភ្លៀងក៏ដោយ។តែនៅថ្ងៃកើតហេតុ ក្នុងភូមិមានភ្លៀងធ្លាក់ជោគជាំ ស្ត្រីរងគ្រោះបានចេញទៅចេញទៅវាលស្រែដើម្បីរើសខ្យងក្តាមយកមកលក់ តែក្រោយរើសបានច្រើនគួរសម ស្ត្រីរងគ្រោះក៏បានវិលត្រឡប់មកផ្ទះវិញដែលពេលនោះភ្លៀងមិនទាន់បានរាំងនៅឡើយទេ។
សមត្ថកិច្ចដដែលក៏បានបន្ថែមឱ្យដឹងថា ពេលត្រឡប់មកដល់ផ្ទះវិញ ស្ត្រីរងគ្រោះបានអង្គុយលាងសំអាតខ្យងក៏ត្រូវរន្ទះបាញ់បណ្តាលឱ្យដេកដួលស្លាប់នៅនិងកន្លែងជាមួយកូននៅក្នុងផ្ទៃ។ដោយមិនអស់ចិត្តក្រុមគ្រួសារបានដឹកស្ត្រីរងគ្រោះទៅកាន់មន្ទីរពេទ្យក្នុងបំណងសុំឱ្យក្រុមគ្រូពេទ្យជួយសង្គ្រោះបន្ទាន់ តែត្រូវបានបដិសេធពីក្រុមគ្រូពេទ្យថាមិនអាចជួយសង្គ្រោះបានទេព្រោះស្ត្រីរូបនេះគាត់បានស្លាប់បាត់បង់ជីវិតបាត់ទៅហើយ។បច្ចុប្បន្នសពត្រូវបានក្រុមគ្រួសារប្រារព្ធពិធីបុណ្យទៅតាមប្រពៃណីនៅគេហដ្ឋាននៃសព។
ជុំវិញករណីស្លាប់របស់ស្ត្រីមានផ្ទៃពោះ៨ខែនេះដែរ អាជ្ញាធរខេត្តបន្ទាយមានជ័យបានអំពាវនាវយ៉ាងទទួចដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវបង្កើនការប្រុងប្រយត្ន័ខ្ពស់ចំពោះបាតុភូតធម្មជាតិដែលនិងអាចកើតមានឡើងគ្រប់ពេលពិសេសពេលមេឃកំពុងភ្លៀងមិនត្រូវចេញឬដើរកាត់ឬជ្រកក្រោមដើមឈើឡើយបើគ្មានករណីចាំបាច់ព្រោះរន្ទះនិងអាចកើតឡើងជាយថាហេតុ។