នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បាននិយាយកាលពីថ្ងៃទី២៩ ខែមិថុនាថា ប្រទេសកំពុងពិចារណាបើកស្ថានទូតរបស់ខ្លួនក្នុងទីក្រុងគៀវឡើងវិញ ខណៈពេលដែលប្រទេសនេះចង់ចូលរួមជាមួយសម្ព័ន្ធមិត្តមួយចំនួនដែលបានដំណើរការស្ថានទូតឡើងវិញ បន្ទាប់ពីដកអ្នកការទូតជុំវិញការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។
លោក Albanese បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុង Madrid មុនពេលកិច្ចប្រជុំកំពូលរបស់អង្គការណាតូថា៖ “យើងចង់មានវត្តមាននៅលើទឹកដីនោះដើម្បីផ្ដល់ជំនួយផ្សេងៗ។ អូស្ត្រាលីកំពុងពិចារណាលើរឿងនេះ… ហើយខ្ញុំអាចបញ្ជាក់បន្ថែមជុំវិញកិច្ចការនេះនៅប៉ុន្មានថ្ងៃនិងសប្តាហ៍ខាងមុខ”។
សមាជិកអង្គការណាតូមួយចំនួន រួមទាំងសហរដ្ឋអាមេរិកថ្មីៗនេះ បានផ្លាស់ប្តូរស្ថានទូតរបស់ពួកគេត្រឡប់ទៅកាន់រដ្ឋធានីអ៊ុយក្រែនវិញ ដើម្បីបង្ហាញសាមគ្គីភាព បន្ទាប់ពីរុស្ស៊ីបានឈ្លានពានប្រទេសកាលពីខែកុម្ភៈកន្លងទៅ។រុស្ស៊ីបានហៅសកម្មភាពរបស់ខ្លួនថាជា “ប្រតិបត្តិការយោធាពិសេស” ដើម្បីរំសាយអាវុធអ៊ុយក្រែន និងការពារអ៊ុយក្រែនពីក្រុមណាហ្ស៊ីថ្មី។ អ៊ុយក្រែននិងលោកខាងលិចបាននិយាយថា ការលើកឡើងរបស់រុស្ស៊ីគឺគ្មានមូលដ្ឋាន ហើយថាសង្រ្គាមគឺជាទង្វើឈ្លានពានដែលមិនមានការបង្កហេតុ។
លោកនាយករដ្ឋមន្ត្រីក៏បានថ្កោលទោសផងដែរចំពោះការវាយប្រហាររបស់រុស្ស៊ីទៅលើផ្សារទំនើបរបស់អ៊ុយក្រែននៅកណ្តាលទីក្រុង Kremenchuk ដែលនៅឆ្ងាយពីសមរភូមិ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៨ នាក់។លោក Albanese ដែលត្រូវបានអញ្ជើញរួមជាមួយសមាជិកមិនមែនណាតូមួយចំនួនផ្សេងទៀតសម្រាប់កិច្ចប្រជុំកំពូលនៅថ្ងៃទី២៩-៣០ ខែមិថុនាបាននិយាយថា៖ “នេះគឺជាគោលដៅជនស៊ីវិល។ សកម្មភាពនេះបានបន្ថែមទម្ងន់លើភាពឃោរឃៅនៅក្នុងសង្រ្គាមឈ្លានពានខុសច្បាប់ដោយរុស្ស៊ី។ រុស្ស៊ីត្រូវតែបញ្ឈប់”៕