អាជ្ញាធរការពារអ្នកប្រើប្រាស់របស់ប្រទេសឥណ្ឌាបានហាមឃាត់សណ្ឋាគារ និងភោជនីយដ្ឋានពីការគិតគូរថ្លៃសេវាបន្ថែម។ សេចក្ដីសម្រេចនេះបានដាក់ចេញ បន្ទាប់ពីអាជ្ញាធរបានលើកឡើងថា មានការកើនឡើងនៃការតវ៉ាពីសំណាក់អតិថិជន ដែលត្រូវបានបង្ខំឱ្យបង់ថ្លៃសេវា។
ភោជនីយដ្ឋាននានាតែងតែគិតលុយធីបពី ៥% ទៅ ១០% នៅក្នុងវិក្កយបត្រ ដែលសរសេរថា “ថ្លៃសេវា”។ ប៉ុន្តែសេចក្ដីសម្រេចថ្មីបានកំណត់ថា ភោជនីយដ្ឋានមិនអាចបន្ថែមថ្លៃសេវាដោយស្វ័យប្រវត្តិទៅក្នុងវិក្កយបត្របានទេ។គោលការណ៍ណែនាំថ្មីក៏រារាំងភោជនីយដ្ឋានពីការប្រមូលលុយធីបពីអតិថិជនក្រោមហេតុផលផ្សេងៗ រួមទាំងរារាំងភោជនីយដ្ឋាន ដែលបដិសេធមិនទទួលភ្ញៀវដែលមិនបង់ថ្លៃសេវានេះ។ ជម្លោះជុំវិញបញ្ហានេះបានកើតឡើងអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដោយអតិថិជនបានត្អូញត្អែរថា ពួកគេមិនបានទទួលដំណឹងពីការគិតលុយបន្ថែមនេះឡើយ។
ក្នុងឆ្នាំ២០១៧ នាយកដ្ឋានកិច្ចការអតិថិជនរបស់រដ្ឋាភិបាលបានចេញនូវគោលការណ៍ណែនាំមួយដោយនិយាយថា អតិថិជនត្រូវចំណាយលុយដូចតម្លៃដែលបង្ហាញនៅក្នុងមឺនុយ រួមជាមួយនឹងការបង់ពន្ធជូនរដ្ឋ។គោលការណ៍នេះបានបន្ថែមថា ភ្ញៀវមានសិទ្ធិសម្រេចថាគួរផ្ដល់លុយធីបឬមិនគួរ ហើយការគិតថ្លៃសេវាបន្ថែមដោយគ្មានការយល់ព្រមពីអតិថិជនគឺស្មើនឹង “ការអនុវត្តពាណិជ្ជកម្មមិនយុត្តិធម៌”។
ជំនួសមកវិញ រដ្ឋាភិបាលបានលើកទឹកចិត្តភោជនីយដ្ឋានឱ្យផ្តល់ប្រាក់ឈ្នួលសមរម្យដល់និយោជិតរបស់ខ្លួន និងបង្កើនតម្លៃផលិតផលដើម្បីអាចបង្កើនប្រាក់ចំណេញ៕