ខ្សែបម្រើប្រយុទ្ធរបស់ Manchester City កីឡាករ Raheem Sterling បានយល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួនដើម្បីទៅចូលរួមជាមួយ Chelsea ហើយ។
កីឡាករវ័យ២៧ឆ្នាំនេះ នៅសល់កុងត្រា១ឆ្នាំនៅក្រុមមេឃខៀវManchester City ។ ក្រុមរបស់លោក Pep មិនមានគម្រោងប្រើប្រាស់រូបគេទៀតនោះទេ សម្រាប់រដូវកាលខាងមុខ ដូច្នេះហើយ ទើបបានជាសាមីខ្លួនចង់ចាកចេញនារដូវកាលដោះដូរកីឡាករនេះ ដើម្បីរកក្លិបថ្មីលេង។ក្លិបធំៗជាច្រើនដូចជា Barcelona, Real Madrid និង Bayern Munich សុទ្ធសឹងតែដាក់ការចាប់អារម្មណ៍លើកីឡាករសញ្ជាតិអង់គ្លេសប៉ុន្តែក្រុមតោខៀវ Chelsea បានបង្ហាញការចាប់អារម្មណ៍ខ្លាំងជាងគេ។បើតាមការចរចាគ្នារវាង Chelsea និង City តម្លៃខ្លួនរបស់ Sterling ស្ថិតក្នុងរង្វង់៤៥លានផោន។
គូសបញ្ជាក់ថាខ្សែប្រយុទ្ធអង់គ្លេសខាងលើនេះ ចូលលេងនៅក្រុម Manchester City នៅឆ្នាំ២០១៥ ក្នុងតម្លៃខ្លួន៤៩លានផោន ដោយរកបាន១៣១គ្រាប់ ក្នុងការបង្ហាញខ្លួន៣៣៩ប្រកួត៕