អាជ្ញាធរម៉ាកាវបានបន្ថែមសណ្ឋាគារចំនួនពីរនៅក្នុងតំបន់ល្បែងកាស៊ីណូដ៏ពេញនិយម ដើម្បីប្រើប្រាស់ជាកន្លែងព្យាបាលជម្ងឺកូវីដ-១៩ ចាប់ពីថ្ងៃសុក្រនេះទៅ ខណៈដែលពួកគេព្យាយាមបង្កើនសមត្ថភាពដើម្បីដោះស្រាយការកើនឡើងនៃការឆ្លងនៅក្នុងតំបន់។ស្លាបខាងកើតរបស់សណ្ឋាគារ Grand Lisboa Palace ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន SJM Holdings និងសណ្ឋាគារ Grand Hyatt ដែលជាកម្មសិទ្ធិរបស់ Melco Resorts នឹងផ្តល់បន្ទប់ជិត ៨០០ បន្ទប់។ សណ្ឋាគារ Sheraton និងរីសត Londoner របស់ក្រុមហ៊ុន Sands China ត្រូវប្រើប្រាស់ជាទីតាំងចត្តាឡីស័ក។
ការប្រកាសនេះបានលេចចេញនៅពេលដែលម៉ាកាវបានរាយការណ៍ករណីថ្មីចំនួន ១២៨នាក់ កាលពីថ្ងៃព្រហស្បតិ៍ ដែលនាំឱ្យចំនួនឆ្លងសរុបកើនឡើងដល់ ១,២១៥ ករណីចាប់តាំងពីពាក់កណ្តាលខែមិថុនា។ យោងតាមអាជ្ញាធរបានឱ្យដឹងថាមនុស្សជាង ១៥,០០០ នាក់កំពុងជាប់ចត្តាឡីស័ក។
ម៉ាកាវមានមន្ទីរពេទ្យសាធារណៈតែមួយគត់សម្រាប់ប្រជាជនដែលរស់នៅក្នុងទីក្រុងនេះប្រហែល ៦០០,០០០នាក់ ហើយប្រព័ន្ធវេជ្ជសាស្ត្ររបស់ទីក្រុងនេះទៀតសោតក៏បានរងសម្ពាធរួចទៅហើយ។ អាជ្ញាធរបានបង្កើតមន្ទីរពេទ្យបណ្ដោះអាសន្នមួយក្នុងអគារកីឡា ហើយមានបុគ្គលិកវេជ្ជសាស្ដ្រ ៦០០ នាក់មកពីចិនដីគោក ដើម្បីជួយ។
ម៉ាកាវប្រកាន់ខ្ជាប់នូវគោលនយោបាយ “សូន្យ-កូវីដ” របស់ប្រទេសចិន ដែលមានគោលបំណងទប់ស្កាត់ការផ្ទុះឡើងនៃមេរោគនេះ ដែលហាក់ដូចជាផ្ទុយជាមួយនិន្នការរបស់ពិភពលោក ដែលកំពុងព្យាយាមបន្ស៉ាំខ្លួនរស់នៅជាមួយមេរោគ។
ខណៈពេលដែលរដ្ឋាភិបាលពុំទាន់បានដាក់ចេញវិធានការបិទខ្ទប់នៅទូទាំងទីក្រុងដូចចិនដីគោកក្ដី ក៏ម៉ាកាវបានបិទកន្លែងភាគច្រើន។ ប្រជាពលរដ្ឋត្រូវបានស្នើឱ្យស្នាក់នៅផ្ទះ ហើយភោជនីយដ្ឋានពុំបើកឱ្យភ្ញៀវចូលអង្គុយបរិភោគផ្ទាល់ឡើយ៕