ដោយ រតនា
ភ្នំពេញ ៖ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បានបញ្ជូនខ្លួនជនជាតិចិន ១១នាក់ ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ដើម្បីបន្តនីតិវិធីច្បាប់ ពាក់ព័ន្ធករណីបានរឹបអូសសារធាតុញៀនជាង ១,៨០តោន និងសារធាតុគីមី ជាង ២៧៦តោន នៅរាជធានីភ្នំពេញ ស្វាយរៀង ព្រៃវែង និងខេត្កណ្តាល។
គួរបញ្ជាក់ផងដែរ ចាប់ពីថ្ងៃទី ០៤ដល់ ទី០៩ ខែកក្កដា ឆ្នាំ២០២២ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន(ក១)ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ អ៊ិន សុង លោក វរសេនីយ៍ឯក តោ ដារិទ្ធ. លោក វរសេនីយ៍ឯក ម៉ាក់ សេរីវឌ្ឍនា. លោក វរសេនីយ៍ទោ ថៃ រិទ្ធីរក្ស នាយករងមន្ទីរ និងលោក វរសេនីយ៍ទោ ហុង វណ្ណារិទ្ធ នាយការិយាល័យ(ក១) សហការជាមួយកម្លាំងជំនាញគយប្រចាំការនៅកំពង់អន្តរជាតិភ្នំពេញ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្វាយរៀង ព្រៃវែង និងខេត្តកណ្តាល សម្របសម្រួលដោយ លោក សឿ ឡងឌី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ហោ លីណា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកណ្តាល.លោក ដូរ៉ា អង្គប្រទាន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំដូងខេត្តស្វាយរៀង និងលោក ចាន់ វណ្ណ: ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រៃវែង ។
សូមបញ្ជាក់ថា សមត្ថកិច្ចជំនាញ បានបើកការស៊ើបអង្កេតអស់រយៈពេលជាង៣ខែ លុះដល់ថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ២០២២ បានបើកកិច្ចប្រតិបត្តិការបង្ក្រាបក្រុមឧក្រិដ្ឋជន កែច្នៃផលិតដោយខុសច្បាប់នូវសារធាតុញៀន និងរក្សាទុកដោយខុសច្បាប់នូវសារធាតុគីមីផ្សំ ចំនួន ១២គោលដៅផ្សេងៗគ្នាជាបន្តបន្ទាប់ នៅរាជធានីភ្នំពេញ ០៧គោលដៅ ខេត្តស្វាយរៀង០២គោដៅ ខេត្តព្រៃវែង០១គោលដៅ ខេត្តកណ្តាល០២គោលដៅ ក្នុងនោះមាន ទីតាំងកែច្នៃ ផលិត១ទីតាំង និង ស្តុកទុកចំនួន ៦ទីតាំង។
ក្នុងរង្វងប្រតិបត្តិការកម្លាំងនគរបាលជំនាញបានដកហូតវត្ថុតាង រួមមាន របាយសារធាតុញៀនកេតាមីន ចំនួន ជាង១តោន ៨២៧ គ.ក្រ។ សារធាតុគីមី និងគីមីផ្សំចំនួន ជាង ២៧៦តោន ។ ឧបករណ៍ សម្ភារ: គ្រឿងបន្លាស់សម្រាប់ កែច្នៃ ផលិត គ្រឿងញៀនមួយចំនួនធំ។ កេតាមីន ទម្ងន់សុទ្ធ២១៨.៦២ក្រាម។ រថយន្ត ០៨គ្រឿង ។ ម៉ូតូ ០៣គ្រឿង។ ទូរស័ព្ទដៃ ១៩គ្រឿង ។អចលនទ្រព្យ ចំនួន ០៧កន្លែង (ខុនដូរ០២, ឃ្លាំង០៤ , រោងចក្រផលិត ០១, ផ្ទះវីឡា០១)
បច្ចុប្បន្ន ជនសង្ស័យត្រូវបានបញ្ជូនខ្លួនមកដល់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នឹងកំពុងស្ថិតក្នុងដំណាក់កាលតំណាងអយ្យការបើកការស៊ើបសួរ ៕