ដោយ រតនា
ភ្នំពេញ ៖ បុរសម្នាក់បើកបររថយន្ត ល្បឿនលឿនរេចង្កូត បុកបង្គោលផ្លាកសញ្ញាភ្លើងស្តុបបណ្ដាលឲ្យរថយន្តរងការខូចខាតធ្ងន់ធ្ងរ។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១ និង ១០ នាទីយប់រំលងអាធ្រាតឈានចូលថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២២ ស្ថិតតាមបណ្ដោយផ្លូវមហាវិថីព្រះសីហនុ ត្រង់ចំណុចស្តុបផ្លូវបំបែកជាបួនវត្តលង្កា ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានបញ្ជាក់ក្រុមការងារឲ្យបានដឹងថា៖ នៅមុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកRav4 មួយគ្រឿង ពណ៌បៃតង ពាក់ស្លាកលេខភ្នំពេញ2D-0107 បើកដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវមហាវិថីព្រះសីហនុ ក្នុងទិសដៅពីកើតទៅលិច លុះពេលធ្វើដំណេីរមកដល់ត្រង់ចំណុចកើតហេតុស្តុបវត្តលង្កា ដោយបើកបរក្នុងស្ថានភាពល្បឿនលឿន ថែមទាំងខ្វះការប្រុងប្រយ័ត្នក៏បានរេចង្កូតទៅបុកនិងបង្គោលផ្លាកសញ្ញាភ្លេីងស្តុបពេញទំហឹង បណ្ដាលឲ្យរថយន្តរងការខូចខាតចំផ្នែកខាងមុខខ្ទិចទាំងស្រុង។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានធ្វើការវាស់វែង រួចបានយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយគ្នាតាមជំនាញនិតិវិធីច្បាប់នៅពេលក្រោយបន្តទៀតផងដែរ។ ៕