ខ្សែបម្រើសញ្ជាតិហុល្លង់ Frankie de Jong នៅតែរក្សាជំហររបស់ខ្លួនមិនទៅលេងនៅ Old Trafford នោះទេ ដោយរូបគេចង់បន្ដនៅ Barcelonaឬគ្មានជម្រើសអាចទៅក្លិបចាស់វិញ។
ថ្មីៗកន្លងមកនេះក្រុម Man Utd បានផ្ដល់តម្លៃខ្លួន៧១លានផោនឱ្យទៅក្រុម Barcelona ដើម្បីទិញយក De Jong មករួមក្រុម។ យ៉ាងណាក៏ដោយសាមីខ្លួនវិញនៅតែមិនចង់ទៅចូលរួមជាមួយក្រុមManUtd ដដែល ដោយរូបគេបានលើកឡើងថាប្រសិនបើក្លិបចង់លក់មែន នោះសុខចិត្តទៅលេងនៅ Bayern Munich ឬ Chelsea វិញ មិនចង់លេងឱ្យក្រុមបិសាចក្រហមនោះទេ។
ចំពោះមូលហេតុដែលគេមិនចង់ទៅលេងនៅក្រុមបិសាចក្រហមនេះដែរ ត្រូវបានគេដឹងថា De Jong មិនពេញចិត្តជាមួយ គម្រោងរបស់ក្រុម Man Utd។ ម្យ៉ាងវិញទៀតនៅរដូវកាលថ្មី Man Utdមិនមានកៅអីលេងនៅ UEFA Champions League ផងនោះ ទើបបានជាធ្វើឱ្យកីឡាករមិនចង់ទៅលេង៕