រដ្ឋាភិបាលទួរគីនិយាយថា រុស្ស៊ី និងអ៊ុយក្រែនកាន់តែកៀកក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដើម្បីនាំចេញគ្រាប់ធញ្ញជាតិរាប់លានតោនដែលជាប់គាំងនៅក្នុងកំពង់ផែតាមបណ្តោយសមុទ្រខ្មៅ។ មានក្តីរំពឹងថាការបន្តការនាំចេញនឹងអាចជួយបន្ធូរបន្ថយវិបត្តិស្បៀងអាហារពិភពលោក។បើតាមប្រទេសទួរគី កិច្ចព្រមព្រៀងដែលគាំទ្រដោយអង្គការសហប្រជាជាតិនឹងត្រូវចុះហត្ថលេខានៅទីក្រុងអ៊ីស្តង់ប៊ុលនៅថ្ងៃសុក្រសប្ដាហ៍នេះ។ព័ត៌មានលម្អិតមិនទាន់ត្រូវបានផ្សព្វផ្សាយនៅឡើយទេ ប៉ុន្តែមន្ត្រីអ៊ុយក្រែននិយាយថាវាពាក់ព័ន្ធនឹងការធានានូវដំណើរការប្រកបដោយសុវត្ថិភាពនៃផ្លូវនាំចេញ។
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ក៏កំពុងចូលរួមក្នុងការចុះហត្ថលេខានេះផងដែរ ទោះបីជាមន្ត្រីអង្គការសហប្រជាជាតិព្រមានថា នៅតែមានឱកាសដែលកិច្ចព្រមព្រៀងនេះអាចនឹងត្រូវបរាជ័យក៏ដោយ។
អ្នកនាំពាក្យរងអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Farhan Haq បាននិយាយថា៖«ស្ថានភាពនៅពេលនេះមានផ្លែផ្កាល្អបន្តិច។ដូច្នេះខ្ញុំពិតជាមិនអាចនិយាយបានថានៅពេលណាដែលកិច្ចព្រមព្រៀងនឹងត្រូវបានចុះហត្ថលេខា»។
ការវិវឌ្ឍថ្មីៗនេះកើតឡើងជិតប្រាំខែបន្ទាប់ពីរុស្ស៊ីបានបើកការឈ្លានពានអ៊ុយក្រែន។
កងកម្លាំងរុស្ស៊ីកំពុងបង្កើនការវាយប្រហារលើទីក្រុងធំទីពីររបស់ប្រទេសគឺទីក្រុង Kharkiv។មន្ត្រីក្នុងតំបន់បានហៅការវាយប្រហារក្នុងរយៈពេលពីរថ្ងៃចុងក្រោយនេះថា “វឹកវរ និងឃោរឃៅ”។ យ៉ាងហោចណាស់ ជនស៊ីវិល ៦នាក់បានស្លាប់ និងរាប់សិបនាក់ទៀតរងរបួស។ គោលដៅនៃការវាយប្រហាររួមមានទីផ្សារ និងមន្ទីពេទ្យ។
ស្នងការនគរបាលទីក្រុង Kharkiv លោក Volodymyr Tymoshko បាននិយាយថា៖«នេះគឺជាអំពើប្រល័យពូជសាសន៍ ហើយយើងកំពុងនិយាយអំពីវាជារៀងរាល់ថ្ងៃ។វាមិនមែនជាគោលដៅយោធានោះទេ៕»