ប្រធានក្របខ័ណ្ឌលីគកំពូលអេស្ប៉ាញ La Liga លោក Javier Tebas បាន ថ្លែងទៅកាន់អ្នកកាសែតនាពេលកន្លងទៅថា លោកចង់ឃើញ ខ្សែប្រយុទ្ធ Cristiano Ronaldo មកលេងនៅ La Liga វិញ។
ជុំវិញរឿងក្លិប Atletico Madrid អាចនាំយក Ronaldo មកបានឬក៏យ៉ាងណានោះ លោក Tebas ថា លោកមិនដឹងទេថាតើ Atletico អាចធ្វើរឿងនេះបានឬយ៉ាងណានោះ គ្រាន់តែដឹងថាបើក្លិបនេះចង់បានពិតមែន ក្លិបហ្នឹងត្រូវលក់ចេញកីឡាករជាច្រើននាក់។ទាក់ទងនឹងព័ត៌មាន Ronaldo ផ្លាស់ទៅ AT នេះខាងប្រធានក្លិប AT លោក Enrique Cerezo បានច្រានចោលថាគ្មានផ្លូវការនោះទេ។
គូសបញ្ជាក់ថាខ្សែប្រយុទ្ធRonaldo បានត្រលប់ទៅកាន់ Man Utd វិញនៅសប្ដាហ៍នេះដើម្បីចរចារឿងអនាគតរបស់គេនៅក្លិបបិសាចក្រហម ប៉ុន្តែលទ្ធផលគឺនៅដដែល ដោយកីឡាករសញ្ជាតិព័រទុយហ្គាល់នេះគឺចង់ចាកចេញ ដោយឲ្យលោក Jorge Mendes ស្វែងរកក្លិបដែលគេអាចមានលទ្ធភាពទៅលេងបាន។យ៉ាងណាក៏ដោយចំពោះក្លិបដែលត្រូវបានសារព័ត៌មានចុះផ្សាយថា Ronaldo អាចនឹងទៅលេងដែលមានដូចជាBayern Munich, Chelsea និង Atletico Madrid នេះសុទ្ធតែចេញមកបដិសេធនឹងព័ត៌មានទាំងនេះ៕