ដោយ រតនា
ភ្នំពេញ៖ ប្រជាពលរដ្ឋប្រុសស្រីលោកយាយលោកតាប្រមាណចំនួន៣២០គ្រួសារ ដែលបានរស់នៅនិងប្រកបអាជីវកម្មតាមបណ្តោយឬលើផ្លូវរថភ្លើងអស់រយះពេលជាច្រើនឆ្នាំកន្លងមកនោះ បានទទួលយកដីស្របច្បាប់ហើយ។
ពិធីចាប់ឆ្នោតយកដីឡូតិ៍សម្រាប់សង់លំនៅឋានខាងលើនេះធ្វើឡើងនៅក្នុងបរិវេណវត្តទួលអស់លោក កាលពីព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ក្រោមអធិបតីភាពលោក ឯក ឃុនឌឿន អភិបាលខណ្ឌឬស្សីកែវ និងមន្រី្តជំនាញអភិបាលរងខណ្ឌចៅសង្កាត់មេភូមិផងដែរ។
លោក ឯក ឃុនឌឿន អភិបាលខណ្ឌបានថ្លែងអំគុណដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ចំពោះមុខប្រជាពលរដ្ឋដែលសម្តេចបានយកចិត្តទុកដាក់លើប្រជាជន។ លោកបានបន្តទៀតថាការចាប់ឆ្នោតនាពេលនេះពិតជាត្រឹមត្រូវហើយយុត្តិធម៌ណាស់ដោយប្រជាជនយល់ស្របទាំងអស់គ្នា។
លោក អភិបាលខណ្ឌបានបញ្ជាក់ផងដែរ ក្រោយពីបងប្អូនទទួលបានឯកសាររួចរាល់សូមបំពេញលិខិតស្នាមត្រឹមត្រូវមកមន្រ្តីជំនាញ ដើម្បីខណ្ឌពន្លឿនៃប្រព័ន្ធទឹកភ្លើងជូនបងប្អូនប្រជាពលរដ្ឋ សម្រាប់ប្រើប្រាស់បានលឿនផងដែរ ។
សូមបញ្ជាក់ថាប្រជាពលរដ្ឋចំនួន៣២០គ្រួសារដែលមកពីសង្កាត់ចំនួន៣ មានសង្កាត់ទួលសង្កែ១ សង្កាត់ឬស្សីកែវ និងសង្កាត់គីឡូម៉ែត្រលេខ៦ មានលិខិតសម្រាប់ចាប់ឆ្នោតយកដីទំហំ៤គុណ១៥ម៉ែត្រនេះ បានលើកឡើង សប្បាយចិត្ត និងថ្លែងអំណគុណដល់សម្តេចតេជោហ៊ុនសែននិង ឯកឧត្តម ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ បានយកចិត្តទុកដាក់ពីទុកលំបាករបស់បងប្អូនប្រជាពលរដ្ឋ។
សូមបញ្ជាក់ទៀតថាផ្លូវរថភ្លើងពីមុន ដែលបងប្អូនបានរស់នៅអមសងខាងផ្លូវ រថភ្លើង និងប្រែក្លាយមកផ្លូវបេតុងដើម្បីសម្រួលចរាចរណ៍ក្នុងការធ្វើដំណើររបស់បងប្អូនពេលអនាគតនោះមានទំហំ៦០ម៉ែត្រតែធ្វើជាដំណាក់កាលដោយបច្ចុប្បន្នធ្វើទំហំ២០ម៉ែត្រ៕