លោក Mark Rutte បានក្លាយជានាយករដ្ឋមន្ត្រីដែលកាន់តំណែងយូរបំផុតក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសហូឡង់កាលពីថ្ងៃអង្គារ ដែលជាសក្ខីភាពមួយចំពោះសមត្ថភាពឈរជើងលើឆាកនយោបាយក្នុងរយៈពេល១២ឆ្នាំកន្លងមកនេះ។
លោក Mark Rutte មានវ័យ៥៥ឆ្នាំមកពីគណបក្សអភិរក្សនិយម ដែលបានឆ្លងកាត់វិបត្តិក្នុងស្រុកជាច្រើន។ អ្នកបោះឆ្នោតហូឡង់ជាច្រើនបាននិយាយថា ពួកគេនឿយហត់នឹងការដឹកនាំរបស់លោក ប៉ុន្តែពួកគេមិនមានជម្រើសច្បាស់លាស់ផ្សេងទៀត។
លោកស្រី Mariken van der Velden ជំនួយការសាស្រ្តាចារ្យផ្នែកទំនាក់ទំនងនយោបាយនៅសាកលវិទ្យាល័យ Amsterdam’s Free University បាននិយាយថា៖ “មានរឿងជាបន្ដបន្ទាប់ ដែលធ្វើឱ្យមនុស្សខកចិត្ត”។បញ្ហាថ្មីៗរួមមានរឿងអាស្រូវលើការឧបត្ថម្ភធនលើការថែទាំកុមារដែលបានធ្វើឱ្យរដ្ឋាភិបាលមុនរបស់លោក Rutte ធ្លាក់ប្រជាប្រិយភាព។
គិតត្រឹមថ្ងៃអង្គារ លោក Mark Rutte បានកាន់តំណែងនេះសរុប ៤,៣១០ ថ្ងៃ ដែលយូរជាងលោក Ruud Lubbers ដែលបានបម្រើការជានាយករដ្ឋមន្ត្រីក្នុងទសវត្សរ៍ឆ្នាំ១៩៨០ និងដើមទសវត្សរ៍ទី៩០។
លោក Rutte បានបង្កើតសម្ព័ន្ធភាពដែលមានសមាសភាពមកពីគណបក្សចម្រុះដំបូងក្នុងឆ្នាំ២០១០ ហើយការបង្កើតលើកទីបួនគឺនៅខែតុលាឆ្នាំមុន បន្ទាប់ពីការបោះឆ្នោត ដែលប្រជាជនសម្ដែងការពេញចិត្តលើសមត្ថភាពក្នុងការទប់ស្កាត់ជំងឺឆ្លងរាតត្បាត។លោកស្រី Van der Velden បាននិយាយថា លោក Rutte មានជំនាញក្នុងការឆ្លងកាត់គ្រាលំបាក។ យុទ្ធសាស្ត្រសំខាន់ៗរបស់លោកមានដូចជា៖ បញ្ចេញសកម្មភាពឱ្យទាន់ពេល ទុកពេលឱ្យអ្នកដ៏ទៃបន្ទោស ហើយរង់ចាំមើលការយល់ឃើញភាគច្រើនរបស់ពលរដ្ឋ ដើម្បីពង្រឹងដំណោះស្រាយមុននឹងគាំទ្រខ្លួនឯង៕
