ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំប្រទេសជប៉ុនបានបង្ហាញវត្តមានក្នុងពិធីរំលឹកវិញ្ញាណក្ខន្ធក្នុងទីក្រុងហ៊ីរ៉ូស៊ីម៉ាកាលពីថ្ងៃព្រហស្បតិ៍ ដោយនិយាយថាលោកចង់បង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់រុស្ស៊ីក្នុងការកាត់បន្ថយអាវុធនុយក្លេអ៊ែរ និងរិះគន់ការសម្រេចចិត្តមិនអញ្ជើញលោកឱ្យចូលរួមពិធីរំលឹកវិញ្ញាណក្ខន្ធកាលពីថ្ងៃសៅរ៍។
ហ៊ីរ៉ូស៊ីម៉ាបានក្លាយជាទីក្រុងដំបូងគេ ដែលបានរងគ្រោះដោយការទម្លាក់គ្រាប់បែកបរមាណូនៅថ្ងៃទី៦ ខែសីហា ឆ្នាំ១៩៤៥ ហើយអាជ្ញាធរបានប្រារព្ធពិធីរំលឹកវិញ្ញាណក្ខន្ធជារៀងរាល់ឆ្នាំនៅថ្ងៃខួបនៃការវាយប្រហាររបស់សហរដ្ឋអាមេរិក ដែលបានសម្លាប់មនុស្សជាង ១៤០,០០០ នាក់នៅចុងឆ្នាំនោះ ដោយតែងតែអញ្ជើញឯកអគ្គរដ្ឋទូតពីមួយចំនួនមកចូលរួម។ ប៉ុន្តែឆ្នាំនេះ រុស្ស៊ីមិនត្រូវបានអញ្ជើញទេ ដោយសារការលុកលុយរបស់ខ្លួនលើអ៊ុយក្រែន។
កាសែត Asahi Shimbun បានរាយការណ៍ថា ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំប្រទេសជប៉ុន លោក Mikhail Galuzin អមដោយបុគ្គលិកស្ថានទូតប្រមាណ ២០នាក់ បានដាក់ផ្កានៅទីតាំងអនុស្សាវរីយ៍ក្នុងឧទ្យានសន្តិភាពទីក្រុង។ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំប្រទេសជប៉ុនបានមានប្រសាសន៍ថា៖ “ខ្ញុំមកដើម្បីសម្ដែងអាកប្បកិរិយាវិជ្ជមានរបស់រុស្ស៊ីចំពោះការកាត់បន្ថយអាវុធនុយក្លេអ៊ែរ”។រុស្ស៊ីបានចូលឈ្លានពានអ៊ុយក្រែននៅថ្ងៃទី២៤ ខែកុម្ភៈ ហើយមិនយូរប៉ុន្មានក្រោយមក ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បានលើកឡើងពីលទ្ធភាពនៃការវាយប្រហារនុយក្លេអ៊ែរ។
លោក Galuzin ត្រូវបានកាសែតដកស្រង់សម្តីថា រុស្ស៊ីគ្មានចេតនាប្រើប្រាស់នុយក្លេអ៊ែរទេ ដោយលោកបានព្យាយាមបង្វែរទៅសហរដ្ឋអាមេរិកថា មានគោលនយោបាយដែលគ្មានការទទួលខុសត្រូវ។មន្ត្រីក្រុងហ៊ីរ៉ូស៊ីម៉ាមិនអាចបញ្ជាក់ពីដំណើរទស្សនកិច្ចរបស់លោក Galuzin ទេ។ ចំណែកឯ ស្ថានទូតរុស្ស៊ីមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយតាមអ៊ីមែលផងដែរ៕