ប្រទេសចិននៅថ្ងៃចន្ទសប្ដាហ៍នេះបាននិយាយថា ខ្លួននឹងបន្តធ្វើសមយុទ្ធយោធានៅជិតកោះតៃវ៉ាន់ដែលមានន័យថាប្រទេសនេះបានបន្តសមយុទ្ធយោធាទ្រង់ទ្រាយធំរបស់ខ្លួនដែលបានចាប់ផ្ដើមធ្វើឡើងនៅថ្ងៃទី 4 ខែសីហា ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃអាទិត្យម្សិលមិញនេះ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ បញ្ជាការភូមិភាគខាងកើតនៃកងទ័ពរំដោះប្រជាជនចិន (PLA)បាននិយាយថាខ្លួននឹងបន្តធ្វើសមយុទ្ធនៅក្នុងដែនទឹកក្បែរកោះតៃវ៉ាន់ ដោយផ្តោតលើការវាយប្រហារប្រឆាំងនាវាមុជទឹកនិងប្រតិបត្តិការតាមផ្លូវអាកាស, នេះបើយោងតាមកាសែតចិនGlobal Times។ .
ទីភ្នាក់ងារការសែត Anadolu បានរាយការណ៍ថាសមយុទ្ធយោធាត្រូវបានធ្វើឡើងដោយប្រទេសចិន ដើម្បីឆ្លើយតបទៅនឹងដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិក Nancy Pelosi ទៅកាន់កោះតៃវ៉ាន់ប្រឆាំងនឹងការព្រមានដែលចេញដោយទីក្រុងប៉េកាំងដែលចាត់ទុកកោះដែលគ្រប់គ្រងដោយខ្លួនឯងជាខេត្តបំបែកខ្លួន។
យោធាចិនក៏បានបាញ់មីស៊ីលផ្លោងជុំវិញកោះតៃវ៉ាន់ ដែលមីស៊ីលខ្លះបានធ្លាក់ក្នុងដែនទឹក ដែលជប៉ុនអះអាងថា ជាតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួន។ក្រសួងការពារជាតិតៃវ៉ាន់ក៏រំពឹងថានឹងធ្វើសន្និសីទសារព័ត៌មាននៅថ្ងៃចន្ទនេះដែរ៕