អត្ថបទ÷ជួន បូណា និងរូបភាព
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប បានសម្រេចកែសម្រួល និងឯកភាពជាគោលការណ៍លើខ្លឹមសារឯកសារសៀវភៅណែនាំ និងសៀវភៅជំនួយស្មារតីសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និង ការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ មុនការចាប់ផ្តើមនៅខែតុលាខាងមុខនេះ។
ការសម្រេចនេះ បន្ទាប់ពីបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីពិនិត្យ និងសម្រេចលើឯកសារមួយចំនួន ដែលអគ្គលេខាធិការដ្ឋាន គ.ជ.ប ស្នើសុំពិនិត្យ និងសម្រេចពី គ.ជ.ប។
ឯកសារដែលអគ្គលេខាធិការដ្ឋាន គ.ជ.ប ស្នើសុំ គ.ជ.ប ពិនិត្យ និងសម្រេច រួមមាន៖ ទី១. ខ្លឹមសារសៀវភៅណែនាំ និងឯកសារជំនួយ ស្មារតី សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និង ការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ និងទី២. សេចក្តីព្រាងសៀវភៅណែនាំ ស្តីពីនីតិវិធីនៃការដាក់ ការទទួល និងការដោះស្រាយ ពាក្យបណ្តឹង សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២។
តាមខ្លឹមសារដែលបានកែសម្រួលនោះមានដូចជា៖ អ្នកគ្រប់អាយុ១៨ឆ្នាំឡើង ដែលត្រូវចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២នេះ គឺអ្នកកើតមុន ឬកើតត្រឹមថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០០៥។ រយៈពេលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២នេះ មានចំនួន ៥០ថ្ងៃ។ ក្នុងអំឡុងពេលនោះ ក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវបិទការិយាល័យចុះឈ្មោះបោះឆ្នោត៖ នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២, នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២, និងនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២។
បើតាមប្រតិទិនរបស់គ.ជ.ប គឺការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២នេះ នឹងចាប់ផ្តើមពីថ្ងៃទី២០ ខែតុលា រហូតដល់ថ្ងៃទី៨ ខែធ្នូខាងមុខនេះ៕