រាជធានីតូក្យូ៖ នៅក្នុងការរំឭកខួប៧៧ នៃការចុះចាញ់សង្គ្រាមនោះ នាយករដ្ឋមន្រ្ដីជប៉ុន បានប្រកាសទៅកាន់ពិភពលោកថា ជប៉ុននឹងមិនធ្វើសង្គ្រាមជាថ្មី ប្រឆាំងនឹងប្រទេសណាមួយនោះឡើយ។
ទីភ្នាក់ងារសារព័ត៌មាន Rueters បានចេញផ្សាយ កាលពីព្រឹក ថ្ងៃចន្ទ ទី១៥ ខែសីហា ថា លោក ហ្វូមីអូ គីស៊ីដា (Fumio Kishida) នាយករដ្ឋមន្ត្រីជប៉ុន បានសន្យាថា នឹងមិនបង្កសង្គ្រាមជាថ្មីនោះឡើយ។ ការសម្រេចចិត្តរបស់មេដឹកនាំជប៉ុន បានធ្វើឡើង កាលពីថ្ងៃទី១៥ ជាខួបលើកទី៧៧ នៃការចុះចាញ់សង្គ្រាមលោកលើកទី២របស់ជប៉ុន ខណៈសមាជិកគណៈរដ្ឋមន្ត្រីរបស់លោក ក៏បានធ្វើដំណើរទៅកាន់ទីសក្ការបូជាដ៏ចម្រូងចម្រាសយ៉ាស៊ូគូនី (Yasukuni) ដើម្បីគោរពវិញ្ញាណក្ខន្ធ ហើយសកម្មភាពនេះ បានធ្វើឱ្យកូរ៉េខាងត្បូង និង ចិន ខឹងសម្បាយ៉ាងខ្លាំង។
លោកនាយករដ្ឋមន្រ្ដី បានធ្វើអត្ថាធិប្បាយគួរឲ្យកត់សម្គាល់ នៅក្នុងឱកាសប្រារព្ធខួបចុះចាញ់សង្រ្គាមលោកលើកទី២របស់ជប៉ុន។ លោក ហ្វូមីអូ គីស៊ីដា បានបញ្ជាក់យ៉ាងច្បាស់ថា «យើងនឹងមិនបង្កសង្រ្គាមជាថ្មីណាមួយនោះឡើយ ហើយខ្ញុំនឹងបន្តអនុវត្តតាមពាក្យសន្យានេះ»។ ប៉ុន្តែនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា បច្ចុប្បន្ន ស្របពេលពិភពលោកទាំងមូល កំពុងតែប្រឈមមុខនឹងជម្លោះឥតឈប់ឈរនោះ ជប៉ុនជាមេដឹកនាំប្រកបដោយការទទួលខុសត្រូវ នៅក្នុងការការពារសន្តិភាព។
លោកនាយករដ្ឋមន្រ្ដីជប៉ុន មិនបានធ្វើដំណើរដោយផ្ទាល់ ទៅកាន់ស្ដូបគោរពវិញ្ញាណក្ខន្ធ យ៉ាស៊ូគូនី (Yasukuni) នោះទេ។ ស្ដូបគោរពវិញ្ញាណក្ខន្ធ យ៉ាស៊ូគូនី (Yasukuni) ជាកន្លែងគោរពវិញ្ញាណក្ខន្ធ ដល់អតីតមេដឹកនាំជប៉ុន នាសម័យសង្រ្គាម ចំនួន១៤រូប សុទ្ធសឹងតែត្រូវបានកាត់ទោស ពីបទឧក្រិដ្ឋកម្មសង្រ្គាម ដោយតុលាការសម្ពន្ធមិត្តរបស់លោកខាងលិច៕