រដ្ឋធានីកៀវ៖ ស្របពេលកម្លាំងការពារទឹកដីរបស់ក្រុងកៀវ និង កម្លាំងទាហានរុស្ស៊ី កំពុងតែវាយប្រយុទ្ធគ្នា ឥតស្រាកស្រាន្ដនោះ ក៏ មានសេចក្ដីរាយការណ៍ជាថ្មីថា ទាហានរបស់ក្រុងមូស្គូ កំពុងតែបង្កើននូវការបាញ់ផ្លោង កាន់តែខ្លាំងឡើង នៅតំបន់ដូណែតស្ក៍ (Donetsk) ខណៈវិមានក្រឹមឡាំងរបស់ប្រធានាធិបតី លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) ប្រមូលកម្លាំង សម្រាប់ធ្វើសង្គ្រាម នៅក្នុងរយៈពេលយូរ។
ទីភ្នាក់ងារសារព័ត៌មានរបស់ចក្រភពអង់គ្លេស Reuters បានចេញផ្សាយ កាលពីថ្ងៃចន្ទ ទី១៥ ខែសីហា ថា កម្លាំងការពារទឹកដីរបស់អ៊ុយក្រែន បានរាយការណ៍ អំពីការបាញ់ផ្លោងយ៉ាងខ្លាំង ពីកម្លាំងទាហានរុស្ស៊ី និង ការប៉ុនប៉ងវាយលុកទៅលើទីប្រជុំជនជាច្រើន នៅតំបន់ភាគខាងកើត នៃទីក្រុងដូណែតស្ក៍ (Donetsk) ដែលបានក្លាយជាចំណុចសំខាន់ នៃសង្រ្គាម ជិតប្រាំមួយខែ និង នៅក្នុងទីក្រុងនានា នាសមរភូមិ ភាគខាងត្បូង។ ចំណែកតំបន់ជាច្រើនទៀត នៅជិតរោងចក្រថាមពលនុយក្លេអ៊ែរហ្សាប៉ូរីសហ្ស៊ា (Zaporizhzhia) ដែលគ្រងគ្រងដោយកម្លាំងទាហានរុស្ស៊ី ក៏ក្លាយជាគោលដៅវាយប្រហារ អស់រយៈពេលជាច្រើនសប្ដាហ៍កន្លងមកនេះ។
ទោះជាយ៉ាងណា អ៊ុយក្រែន ក៏បានអះអាងថា កម្លាំងការពារទឹកដីរបស់ខ្លួន បានវាយបកតបតទៅលើកម្លាំងទាហានរបស់រុស្ស៊ី នៅតាមតំបន់ជាច្រើនផងដែរ។អគ្គសេនាធិការ នៃកងទ័ពអ៊ុយក្រែន ក៏បានរាយការណ៍ អំពីការបាញ់ផ្លោងរបស់រុស្សី មកលើទីក្រុងជាច្រើន នៅសមរភូមិភាគខាងត្បូង ជាពិសេស តំបន់ឃើរសុន ( Kherson) គ្រប់គ្រងយ៉ាងរឹងមាំ ពីកងកម្លាំងរុស្ស៊ី ហើយក៏ជាតំបន់ដែលកងទ័ពអ៊ុយក្រែន កំពុងតែដណ្តើម យកមកគ្រប់គ្រងវិញ។
រហូតមកដល់ពេលនេះ ពិភពលោក មានផ្ដោតនូវការយកចិត្តទុកដាក់យ៉ាងខ្លាំង ទៅលើរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia នាភាគខាងត្បូង ប្រទេសអ៊ុយក្រែន ចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើង អំពីគ្រោះមហន្តរាយ ជុំវិញការបាញ់ផ្លោងជាថ្មី នៅក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗកន្លងមកនេះ ខណៈរុស្ស៊ី និង អ៊ុយក្រែន កំពុងតែបន្ទោសគ្នាទៅវិញទៅមក៕