រដ្ឋធានីហាណូយ៖ ក្រោយពេលសិក្សាជាច្រើនលើក លើគម្រោងសាងសង់ផ្លូវដែកល្បឿនលឿន អស់រយៈពេល១៧ឆ្នាំរួចមក នៅទីបំផុត វៀតណាម បានអនុម័តនូវកញ្ចប់ថវិកា មានទំហំទឹកប្រាក់ ៥៨ពាន់លានដុល្លារសហរដ្ឋអាមេរិក លើគម្រោងនេះ ហើយនៅពេលការសាងសង់រួចរាល់ រថភ្លើង នៅក្នុងប្រទេសអាស៊ានមួយនេះ នឹងអាចបើកបរ រហូតដល់៣២០គីឡូម៉ែត្រ ក្នុង១ម៉ោង។
សារព័ត៌មានវៀតណាម Vietnam Net បានចេញផ្សាយ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ ថា បើតាមក្រសួងដឹកជញ្ជូនរបស់ប្រទេសវៀតណាម (MOT) បានឲ្យដឹងថា គម្រោងផ្លូវរថភ្លើងល្បឿនលឿននេះ មានទុនវិនិយោគសរុប ៥៨ពាន់លានដុល្លារសហរដ្ឋអាមេរិក ហើយអាចអនុញ្ញាតឲ្យរថភ្លើង បើកបរ នៅក្នុងល្បឿន ៣២០គីឡូម៉ែត្រ ក្នុង១ម៉ោង ខណៈសាងសង់រួចរាល់។ ប៉ុន្ដែគម្រោងនេះ នឹងដាក់ជូន ទៅកាន់ការិយាល័យនយោបាយ នៅក្នុងខែកញ្ញា។
ក្រសួងដឹកជញ្ជូនវៀតណាម (MOT) បានអនុវត្តការសិក្សាជាច្រើនលើ លើផ្លូវរថភ្លើងល្បឿនលឿននេះ ចាប់តាំងពីឆ្នាំ២០០៥មក។ រហូតមកដល់ឆ្នាំ២០០៩ ទើបរបាយការណ៍សិក្សាលទ្ធភាព ត្រូវបានអនុម័ត ដោយក្រុមប្រឹក្សាវាយតម្លៃរបស់រដ្ឋ ហើយបានទទួលការយល់ព្រម ពីការិយាល័យនយោបាយ។ ប៉ុន្ដែទោះជាយ៉ាងណា គម្រោងផ្លូវរថភ្លើងល្បឿនលឿននេះ មិនត្រូវបានអនុម័ត ដោយសភាជាតិ (NA) នៅក្នុងសម័យប្រជុំនីតិកាលរបស់ខ្លួន នៅក្នុងខែឧសភា ឆ្នាំ២០១០ នោះឡើយ។
ក្រសួងដឹកជញ្ជូនវៀតណាម បានបញ្ជាក់ថា ផ្លូវដែកល្បឿនលឿននេះ បានឆ្លងកាត់ទីក្រុង និង ខេត្ត សរុប២០ ដោយមានប្រវែង ១ ៥៤៥គីឡូម៉ែត្រ ចាប់ពីភាគខាងជើង រហូតដល់ភាគខាងត្បូង ប្រទេសវៀតណាម។ ផ្លូវរថភ្លើងថ្មីនេះ អាចនឹងបើកបរ នៅក្នុងល្បឿន ៣២០គីឡូម៉ែត្រ ក្នុង១ម៉ោង៕