បន្ទាប់ពីរងព្យុះរិះគន់ដោយសារតែតួនាទីសម្ងាត់របស់លោកជារដ្ឋមន្ត្រីក្រសួងចំនួនប្រាំត្រូវបានលាតត្រដាងជាសាធារណៈ អតីតនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison បានចេញមុខបកស្រាយថា លោកបានសម្រេចចិត្តស្បថដោយសម្ងាត់នៅក្នុងក្រសួងសំខាន់ៗចំនួនប្រាំក្នុងអំឡុងពេលជំងឺរាតត្បាត ដោយសារតែលោកគិតថា ការទទួលខុសត្រូវសម្រាប់ប្រទេសជាតិគឺជាទំនួលខុសត្រូវរបស់លោកតែម្នាក់។
លោក Morrison ដែលបានអស់តំណែងជាមេដឹកនាំគណបក្សសេរីបន្ទាប់ពីចាញ់ការបោះឆ្នោតសកលកាលពីខែឧសភា បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយ ដើម្បីឆ្លើយតបនឹងការរិះគន់ពីរដ្ឋាភិបាលគណបក្សការងារ និងគណបក្សផ្ទាល់របស់លោកជុំវិញបញ្ហាដ៏ក្ដៅគគុកមួយនេះ។លោកនាយករដ្ឋមន្ត្រី Anthony Albanese បាននិយាយថា លោក Morrison បានបំផ្លាញប្រជាធិបតេយ្យ ដោយតែងតាំងខ្លួនលោកជាសម្ងាត់ក្នុងមុខតំណែងជារដ្ឋមន្ត្រីកិច្ចការផ្ទៃក្នុង រតនាគារ សុខាភិបាល ហិរញ្ញវត្ថុ និងធនធាននៅចន្លោះឆ្នាំ២០២០ និងឆ្នាំ២០២១។
អតីតរដ្ឋមន្ត្រីចំនួន០៣រូបបានបញ្ជាក់ថា ពួកគេទើបតែដឹងពីតួនាទីសម្ងាត់របស់លោក Morrison នៅដើមសប្ដាហ៍នេះទេ។
នៅចំពោះមុខអ្នកកាសែត លោក Morrison បានថ្លែងថា ក្នុងកាលៈទេសៈ ដែលប្រទេសកំពុងប្រឈមមុខនឹងជំងឺឆ្លងរាតត្បាត រូបលោកហាក់ដូចជាកាពីទែន ដែលកំពុងបញ្ជានាវាឆ្លងកាត់ព្យុះភ្លៀង។លោកបានបញ្ជាក់ថា៖ “ក្នុងនាមជានាយករដ្ឋមន្ត្រី ខ្ញុំអាចយល់ច្បាស់ពីទម្ងន់នៃការទទួលខុសត្រូវលើស្មារបស់ខ្ញុំ ហើយគ្មានអ្នកផ្សេងយល់ច្បាស់ជាងនេះឡើយ”។
អតីតនាយករដ្ឋមន្ត្រីបាននិយាយថា លោកមិនបានដណ្ដើមក្រសួងទេ ហើយក៏គ្មានរដ្ឋមន្ត្រីណាមួយត្រូវបានជ្រៀតជ្រែកឡើយ លើកលែងតែម្ដងគត់ ដែលលោកបានច្រានចោលគម្រោងផ្នែកធនធាន។ លោកបន្ដថា លោកមិនបានជូនដំណឹងដល់រដ្ឋមន្ត្រីទេ ព្រោះលោកនឹងប្រើអំណាចតែក្នុងគ្រាអាសន្នប៉ុណ្ណោះ៕