មន្ត្រីរដ្ឋាភិបាលបាននិយាយថា ប្រទេសបង់ក្លាដែសនឹងបិទសាលារៀនមួយថ្ងៃបន្ថែមទៀតក្នុងមួយសប្តាហ៍ និងកាត់បន្ថយម៉ោងធ្វើការក្នុងការិយាល័យ ដើម្បីសម្រាលបញ្ហាខ្វះខាតអគ្គិសនី។ កាលពីខែមុន ប្រទេសដែលស្ថិតនៅតំបន់អាស៊ីខាងត្បូងបានចាប់ផ្តើមដាច់ភ្លើងប្រចាំថ្ងៃរយៈពេលពីរម៉ោង។
ក្រុមអ្នកតវ៉ាបានដើរតាមផ្លូវក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ បន្ទាប់ពីរដ្ឋាភិបាលបានដំឡើងថ្លៃសាំងជាង៥០%។ សង្គ្រាមនៅអ៊ុយក្រែនបានជំរុញឱ្យតម្លៃនៃការនាំចូលឥន្ធនៈឡើងថ្លៃនិងបានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ច និងទុនបម្រុងរូបិយប័ណ្ណបរទេសរបស់បង់ក្លាដែស។
កាលពីថ្ងៃច័ន្ទ មន្ត្រីជាន់ខ្ពស់បង់ក្លាដែស លោក Khandker Anwarul Islam បាននិយាយថា សាលារៀន ដែលពីមុនបានបិទតែថ្ងៃសុក្រប៉ុណ្ណោះ ឥឡូវនេះក៏នឹងត្រូវបិទនៅថ្ងៃសៅរ៍ផងដែរ។ មុនការសម្រេចនេះ សាលារៀននៅប្រទេសបង់ក្លាដែសបើករយៈពេលប្រាំមួយថ្ងៃក្នុងមួយសប្តាហ៍ ពោលគឺនៅ ថ្ងៃចន្ទ អង្គារ ពុធ ថ្ងៃព្រហស្បតិ៍ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។
ទន្ទឹមនឹងនេះ ការិយាល័យរដ្ឋាភិបាលនិងធនាគារនឹងកាត់បន្ថយម៉ោងបើកពីប្រាំបីម៉ោងមកត្រឹមប្រាំពីរម៉ោងផងដែរ។ លោក Islam បាននិយាយថា ទោះបីជាយ៉ាងណាក៏ដោយ ការិយាល័យឯកជននឹងត្រូវបានអនុញ្ញាតឱ្យកំណត់ម៉ោងប្រតិបត្តិការរបស់ពួកគេផ្ទាល់។
លោកបន្ថែមថា រដ្ឋាភិបាលនឹងបន្តផ្តល់ថាមពលដល់ភូមិ រួមទាំងនៅពេលព្រឹកព្រលឹម ដែលដំណាំត្រូវបានស្រោចស្រព។ តំបន់ជាច្រើននៃប្រទេសបង់ក្លាដែស ត្រូវបានគេដឹងថា គ្មានអគ្គិសនីប្រើប្រាស់លើសពីពីរម៉ោងក្នុងមួយថ្ងៃ។ ប្រទេសនេះផលិតថាមពលអគ្គិសនីភាគច្រើនពីឧស្ម័នធម្មជាតិ ដែលខ្លះនាំចូល។ក្រុមមន្ត្រីបានបិទរោងចក្រថាមពលដែលដើរដោយប្រេងម៉ាស៊ូតរបស់ប្រទេសទាំងអស់ដែលមានចំនួនប្រហែល ៦% នៃការផលិតអគ្គិសនីរបស់ប្រទេសបង់ក្លាដែស ដោយសារតែតម្លៃនៃការនាំចូលប្រេងឥន្ធនៈកើនឡើង៕