ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានឱ្យដឹងកាលពីថ្ងៃពុធថា ជំងឺឆ្លងរាតត្បាតបានធ្វើឱ្យការប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកដើរថយក្រោយយ៉ាងហោចណាស់ពីរឆ្នាំ ហើយប្រទេសជាច្រើននឹងពិបាកគេចផុតពីភាពក្រីក្រ។
ប្រសិនបើជំងឺរាតត្បាតមិនមានវត្តមាន ចំនួនប្រជាជនក្នុងតំបន់ដែលប្រឈមមុខនឹងភាពក្រីក្រខ្លាំង (ម្នាក់អាចរកបានតិចជាង ១.៩០ ដុល្លារ) អាចថយចុះត្រឹម ២.៩% នៅឆ្នាំ២០២០ ប៉ុន្ដែជាក់ស្ដែងក្នុងឆ្នាំ២០២១មាន ៣.៨% ហើយនៅឆ្នាំនេះត្រូវបានព្យាករថានឹងមាន ៣%។
ស្ថាប័នដែលផ្ដល់ប្រាក់កម្ចីដ៏ធំ និងមានមូលដ្ឋាននៅទីក្រុងម៉ានីលបានបញ្ជាក់នៅក្នុងរបាយការណ៍មួយថា ភាពក្រីក្រខ្លាំងត្រូវបានគេរំពឹងថានឹងធ្លាក់ចុះក្រោម ១% នៃចំនួនប្រជាជននៅឆ្នាំ២០៣០ខាងមុខ។ADB បានបន្ថែមថា យ៉ាងហោចណាស់ ២០% នៃចំនួនប្រជាជននៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី មានភាពក្រីក្រខ្លាំងឬមធ្យមនៅឆ្នាំ២០២១។ អត្រានេះអាចត្រូវបានកាត់បន្ថយពាក់កណ្តាលនៅឆ្នាំ២០៣០ ប្រសិនបើរដ្ឋាភិបាលផ្តោតលើភាពធន់ នវានុវត្តន៍ និងបរិយាបន្ន ដើម្បីធ្វើឱ្យសេដ្ឋកិច្ចកាន់តែមានតុល្យភាព និងសកម្មភាពក្នុងសង្គមកាន់តែច្រើន។
លោក Albert Park ប្រធានសេដ្ឋវិទូរបស់ ADB បាននិយាយថា៖ “អ្នកមានជីវភាពក្រីក្រនិងជនងាយរងគ្រោះត្រូវបានរងផលប៉ះពាល់ខ្លាំងបំផុតដោយជំងឺកូវីដ-១៩ ហើយខណៈពេលដែលសេដ្ឋកិច្ចកំពុងងើបឡើងវិញ មនុស្សជាច្រើនអាចយល់ឃើញថា ការចាកចេញពីភាពក្រីក្រគឺកាន់តែលំបាកជាងកាលពីមុន”។
ADB បានបន្ដថា ភាពមិនប្រាកដប្រជាដូចជាផលប៉ះពាល់ដែលបណ្ដាលមកពីការបិទសាលារៀន បានធ្វើឱ្យប្រជាជនក្រីក្រពិបាកក្នុងការចាប់យកឱកាសនានា ដើម្បីផ្លាស់ប្ដូរជីវភាពរបស់ពួកគេឱ្យកាន់តែប្រសើរជាងនេះ ក៏ដូចជាភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចពិភពលោកដែលបណ្តាលមកពីការឈ្លានពានរបស់រុស្ស៊ីមកលើអ៊ុយក្រែនផងដែរ៕