ភ្នំពេញ៖ មានករណីភ្ញាក់ផ្អើលទាំងព្រឹក ដោយសារមានណីផ្ទុះអាវុធជាច្រើនគ្រាប់ករណីបង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំមួយ នៅជ្រោយចង្វារ ក្បែរកំពង់ចម្លងស្វាយជ្រុំ ដោយមានអ្នកស្លាប់ និងរបួស នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា ករណីខាងនេះ ជាករណីបង្ក្រាបគ្រឿងញៀនដោយកម្លាំងមន្ទីរបង្ក្រាបគ្រឿងញៀន ការិយាល័យ ក៥ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានធ្វើការស្រាវជ្រាវរហូតក្តាប់មុខសញ្ញាបាន និងដេញតាមរហូតដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តរបស់ជនសង្ស័យដែលមានគ្នា ៤នាក់ ដែលជាជនជាតិថៃ បន្ទាប់ពីពួកគេបានដឹងថាសមត្ថកិច្ចដេញតាម ភ្លាមៗនោះក្រុមជួញដូរគ្រឿងញៀន បានធ្វើការបាញ់ជាច្រើនគ្រាប់មកលើសមត្ថកិច្ច។ ពេលនោះសមត្ថកិច្ចបង្ក្រាបគ្រឿងញៀនក៏បានធ្វើការបាញ់តបតទៅវិញដើម្បីការពារខ្លួន រហូតបង្ក្រាបបានជនសង្ស័យទាំង ៤នាក់នោះ ក្នុងនោះមានស្លាប់ម្នាក់ របួសម្នាក់ និងឃាត់ខ្លួនបានពីរនាក់។
យោងតាមប្រភពពីកន្លែងកើតហេតុផ្សេងទៀត បានឲ្យដឹងដែរថា ក្នុងការបាញ់ប្រហារជាច្រើនគ្រាប់ ក្នុងហេតុការណ៍បង្ក្រាបគ្រឿងញៀននោះ ក៏បណ្ដាលឲ្យប្រជាពលរដ្ឋចំនួន ៣នាក់ បានរងរបួស ក្នុងនោះស្រី ២នាក់ និងបុរសម្នាក់។ តែពេលនេះជនរងគ្រោះកំពុងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីធ្វើការសង្គ្រោះហើយ។
ក្រោយពេលកើតហេតុ សម្ថកិច្ចបានឡោមព័ទ្ធទីតាំងកើតហេតុដើម្បីស្រាជ្រាវបន្ត៕