រាជធានីភ្នំពេញ៖ ខ្មាន់កាំភ្លើងម្នាក់ បានទាស់ពាក្យសម្ដីគ្នា ពីរឿងបន្ដិចបន្ដួច ស្រាប់តែដកកាំភ្លើងបាញ់ប្រហារ ទៅលើសន្ដិសុខ បណ្តាលឲ្យរងរបួសជើងខាងស្តាំ កាលពីរសៀល ថ្ងៃទី៧ ខែកញ្ញា នៅទីតាំងធនាគារ CIMB នៅតាមបណ្ដោយផ្លូវលេខ៥១៦ ស្ថិតក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលផ្ទុះការបាញ់ប្រហារនោះ គេឃើញបុរសម្នាក់ ស្លៀកពាក់ជាអង្គរក្ស ពាក់មួកសុវត្ថិភាព ដើរចូលទៅក្នុងធនាគារ ខណៈនោះសន្តិសុខ ក៏បានហាមឃាត់បុរស ជាជនបង្ក មិនឲ្យពាក់មួកសុវត្ថិភាព ដើរចូលទៅខាងក្នុងធនាគារ ហើយសុំឲ្យជនសង្ស័យ ដោះមួកចេញ យកមកទុក នៅខាងក្រៅ។ ភ្លាមៗនោះ ស្រាប់តែជនសង្ស័យ បានដើរចូលទៅខាងក្នុង រួចហើយបានដកកាំភ្លើងខ្លី ចេញពីចង្កេះបាញ់សំដៅទៅលើសន្តិសុខយាមនៅខាងក្នុង ជាច្រើនគ្រាប់ បណ្ដាលឲ្យរងរបួសធ្ងន់ ហើយជិះម៉ូតូគេចខ្លួនបាត់។
ប្រភពព័ត៌មាន បានបន្ដថា ជនសង្ស័យ ជាអ្នកបង្ក ឈ្មោះ លន់ ជីវ័ន ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរជាយោធា និង ធ្វើជាសន្តិសុខក្រុមហ៊ុន safeguards Cambodia co.ltd យាមគោលដៅធនាគារ CIMB ប៉ុន្ដែក្រោយពេលធ្វើសកម្មភាពរួចហើយ ក៏ បានរត់គេចខ្លួនបាត់ ។ ចំណែកជនរងគ្រោះ មានឈ្មោះ ឃុន វន ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ សន្តិសុខក្រុម IG security យាមនៅធនាគារ CIMB ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចកំពុងតែតាមស្រាវជ្រាវចាប់ខ្លួនជនដៃដល់ នាំមកផ្ដន្ទាទោសតាមច្បាប់៕