នាយករដ្ឋមន្ត្រីជប៉ុន Kishida Fumio ប្រធានាធិបតីអាមេរិក Joe Biden និងមេដឹកនាំនៃប្រទេសមួយចំនួនទៀតបានអះអាងសារជាថ្មីថាពួកគេនឹងធ្វើការរួមគ្នាដើម្បីឆ្លើយតបទៅនឹងស្ថានភាពនៅអ៊ុយក្រែន។សន្និសីទតាមវីដេអូត្រូវបានធ្វើឡើងនៅរាត្រីថ្ងៃព្រហស្បតិ៍ (ម៉ោងនៅប្រទេសជប៉ុន) តាមការជំរុញរបស់លោកBiden។ កិច្ចប្រជុំនេះមានរយៈពេលប្រហែលមួយម៉ោង។ មេដឹកនាំនៃប្រទេសចំនួនប្រាំបីបានចូលរួម។ ប្រមុខនៃក្រុមប្រទេសG7មួយចំនួនស្ថិតក្នុងចំណោមពួកគេ។ប៉ុន្តែប្រធានាធិបតីបារាំងមិនបានចូលរួមនោះទេ។
ក្រុមមេដឹកនាំបានផ្លាស់ប្តូរទស្សនៈគ្នាអំពីស្ថានភាពនៅអ៊ុយក្រែន។ ពួកគេបានយល់ព្រមបន្តគាំទ្រអ៊ុយក្រែននិងរក្សាទណ្ឌកម្មដ៏រឹងមាំប្រឆាំងនឹងរុស្ស៊ី។ពួកគេក៏បានឯកភាពថាប្រទេសរបស់ពួកគេគួរតែធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធដើម្បីធានាការផ្គត់ផ្គង់ថាមពលនិងស្បៀងអាហារប្រកបដោយស្ថិរភាព។
លោក Kishida បាននិយាយអំពីការផ្លាស់ប្តូរថ្មីៗរបស់រុស្ស៊ីនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ លោកបានសង្កត់ធ្ងន់ថា វាជាការសំខាន់ក្នុងការឈានទៅដល់ប្រទេសដែលបានប្រកាន់ជំហរអព្យាក្រឹត។នាយករដ្ឋមន្ត្រីជប៉ុនបានលើកឡើងអំពីសន្និសីទអន្តរជាតិក្រុងតូក្យូលើកទី ៨ ស្តីពីការអភិវឌ្ឍអាហ្វ្រិក។ សន្និសីទនេះត្រូវបានធ្វើឡើងក្នុងប្រទេសទុយនីស៊ីកាលពីខែមុន។ លោកKishida បាននិយាយថា តំណាងនៃប្រទេសដែលចូលរួមបានចែករំលែកការព្រួយបារម្ភរបស់ពួកគេអំពីការឈ្លានពានយោធារបស់រុស្ស៊ី។
លោកKishida ក៏បានលើកឡើងផងដែរថា ប្រទេសជប៉ុននឹងធ្វើជាប្រធានកិច្ចប្រជុំ ប្រទេសG7 នៅឆ្នាំក្រោយ។ លោក ប្តេជ្ញាថានឹងព្យាយាមពង្រឹងការរួបរួមក្នុងចំណោមសមាជិក G7 និងបណ្តាប្រទេសដៃគូរបស់ពួកគេ ដើម្បីឲ្យស្ថានការណ៍នៅអ៊ុយក្រែនអាចដោះស្រាយបាន៕