បន្ទាយមានជ័យ៖កម្លាំងយោធានៃតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យប្រមាណជិត៥០នាក់បានចុះជួយច្រូតស្រូវប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២នៅវាលស្រែ ឃុំអូរប្រាសាទ ស្រុកមង្គលបូរី។

លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យបានប្រាប់ថា៖ដោយយោងតាមការណែនាំពីលោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការរងយោធភូមិភាគទី៥និងជាមេបញ្ជាការទឹសទី១បន្ទាយមានជ័យ លោកវរៈសេនីយ៍ទោ វិញ ស៊ីដូ នាយសេនាធិការរង បានដឹកនាំកម្លាំងយោធាតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យប្រមាណជិត៥០នាក់មានកណ្តៀវគ្រប់ដៃបានចុះជួយច្រូតស្រូវជូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ប្រមាណជិត២ហិកតា។

លោកបានបញ្ជាក់ថា៖កម្លាំងយោធាតំបន់ប្រតិបត្តិការសឹករងខេត្ត ក្រៅពីការងារអង្គភាព និងការពារបូរណៈភាពទឹកដី និងការពារជាតិមាតុភូមិ គឺជួយអន្តរាគមន៍ដល់ប្រជាពលរដ្ឋដែលគ្រោះដោយធម្មជាតិ មានគ្រោះទឹកជំនន់ និងខ្យល់កន្ត្រាក់ និងប្រមូលផលស្រូវជូនប្រជាកសិករដែលរងគ្រោះដោយទឹកជំនន់និងជួយអន្តរាគមន៍នៅពេលដែលមានអគ្គិភ័យកើតឡើងដោយសហការជាមួយកម្លាំងជំនាញជួយអន្លត់និងជួយរុករកអ្នកគ្រោះលង់ទឹកដែលបាត់ខ្លួនផងដែរ។

លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន បានបញ្ជាក់ថា៖នៅឆ្នាំ២០២២នេះកម្លាំងយោធាតំបន់ប្រតិបត្តិការសឹករងខេត្តបានជួយអន្តរាគមន៍ជម្លៀសប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀងដែលរស់នៅតាមបន្ទាត់ព្រំដែនបានទាន់ពេល វេលានិងជួយប្រមូលផលស្រូវប្រជាកសិករដែលរងគ្រោះដោយទឹកជំនន់ជនលិចស្រូវត្រូវបានជួយច្រូតកាត់និងប្រមូលផលស្រូវនៅក្រុងសិរីសោភ័ណ និងពេលនេះបានជួយច្រូតស្រូវប្រជាពលរដ្ឋដែលរងការលិចលង់ដោយជំនន់ទឹកភ្លៀងដែលកំពុងជន់លិចនៅវាលស្រែ ឃុំអូរប្រាសាទ ស្រុកមង្គលបូរី។

