មេធាវីរបស់លោក ដូណាល់ ត្រាំ អតីតប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ បានជំទាស់នឹងសំណើរបស់ក្រសួងយុត្តិធម៌ ដើម្បីបន្តការពិនិត្យមើលឡើងវិញភ្លាមៗលើខ្លឹមសារឯកសារ ដែល FBI បានរឹបអូសពីគេហដ្ឋានរបស់លោកនៅឯរដ្ឋ Florida និងបានចាត់ទុកថាជាឯកសារសម្ងាត់។
ក្នុងឯកសារមួយ មេធាវីរបស់លោកក៏បានស្នើសុំឱ្យលោកស្រីចៅក្រម Aileen Cannon ចងក្រងឯកសារជាង ១០០ សំណុំក្នុងចំណោមកំណត់ត្រាជាង ១១,០០០ ច្បាប់ជា “ឯកសារពិសេស” ដែលឯកសារទាំងនេះទាមទារឱ្យមានការពិនិត្យពិច័យយ៉ាងល្អិតល្អន់។“ឯកសារពិសេស” ដែលត្រូវបានស្នើសុំដោយលោក ត្រាំ និងអនុម័តដោយចៅក្រមកាលពីសប្តាហ៍មុន អាចចាត់ទុកថាឯកសារមានឯកសិទ្ធិ និងរារាំងពីភ្នែកអ្នកស៊ើបអង្កេត។
លោក ត្រាំ កំពុងស្ថិតក្រោមការស៊ើបអង្កេតរបស់ក្រសួងយុត្តិធម៌ ដែលបានសង្ស័យបានលាក់ទុកឯកសាររដ្ឋាភិបាល ដែលក្នុងនោះមានឯកសារខ្លះជាឯកសារសម្ងាត់បំផុត។ ឯកសារត្រូវបានរឹបអូសពីគេហដ្ឋានរបស់លោកនៅឯតំបន់រីសត Mar-a-Lago ក្នុងទីក្រុង Palm Beach រដ្ឋ Florida បន្ទាប់ពីលោកផុតអាណត្តិជាប្រធានាធិបតីរបស់ប្រទេសក្នុងខែមករា ឆ្នាំ២០២១កន្លងទៅ។
ក្រុមមេធាវីរបស់លោក ត្រាំ បានដាក់សំណើសុំចៅក្រមសហព័ន្ធលោក Raymond Dearie និងលោក Paul Huck អតីតអគ្គមេធាវីរងរបស់រដ្ឋផ្លរីដា ឱ្យកាន់រឿងក្ដីនេះ។
ក្រសួងយុត្តិធម៌បានឱ្យដឹងថា ខ្លួនអាចគាំទ្រការចាត់តាំងលោក Dearie ប៉ុន្ដែមិនគាំទ្រលោក Huck ឡើយ ដោយសារតែលោក Huck មិនសូវមានបទពិសោធន៍ច្រើនក្នុងសំណុំរឿងព្រហ្មទណ្ឌ និងរដ្ឋប្បវេណីកម្រិតសហព័ន្ធ រួមទាំងករណីពាក់ព័ន្ធនឹងសន្តិសុខជាតិជាដើម៕