អាជ្ញាធរសហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ បានបកអាក្រាតប្រតិបត្តិការរត់ពន្ធមនុស្ស ដែលក្រុមឈ្មួញត្រូវបានចោទប្រកាន់ថា បានបម្លាស់ទីជនចំណាកស្រុកខុសច្បាប់តាមរយៈវ៉ាលីនិងឡានដឹកទឹក ឆ្លងកាត់ព្រំដែនសហរដ្ឋអាមេរិក-ម៉ិកស៊ិក ខណៈដែលរដ្ឋបាលលោក បៃឌិន បានបង្ក្រាបក្រុមបែបនេះជាច្រើនលើកច្រើនសារ។មនុស្ស៨នាក់ ដែលភាគច្រើនជាពលរដ្ឋអាមេរិក ត្រូវបានចោទប្រកាន់ថាជាប់ពាក់ព័ន្ធក្នុងការរត់ពន្ធមនុស្សរាប់រយនាក់ ដែលខ្លះលាក់ខ្លួននៅក្នុងប្រអប់ឈើលើឡានដឹកទំនិញ ដែលមានខ្យល់ចេញចូលតិចតួច។ នេះបើយោងតាមមន្ត្រីសហរដ្ឋអាមេរិក និងឯកសារតុលាការពាក់ព័ន្ធ។ អ្នករួមគំនិត៦នាក់ផ្សេងទៀតត្រូវបានលើកឡើងក្នុងកំណត់ត្រារបស់តុលាការ។
ការចោទប្រកាន់ក្រុមជួញដូរមនុស្សគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងនៃរដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃឌិន ក្នុងការបង្ក្រាបនិងទប់ស្កាត់អំពើខុសច្បាប់នេះ ដែលគិតត្រឹមខែតុលា ឆ្នាំទៅមិញ មកទល់បច្ចុប្បន្ន ជនចំណាកស្រុកជាង២លាននាក់ត្រូវបានឃាត់ខ្លួន។
ព្រះរាជអាជ្ញាសហរដ្ឋអាមេរិកបានកំណត់អត្តសញ្ញាណ ជនសង្ស័យឈ្មោះ អឺមីនៀ សេរ៉ាណូ ភីដ្រា (Erminia Serrano Piedra) អាយុ ៣១ ឆ្នាំ ជាពលរដ្ឋរបស់រដ្ឋតិចសាស់ ដែលមានរហ័សនាមថា បស់ ឡេឌី (Boss Lady) និងជាជនដឹកនាំប្រតិបត្តិការ ដែលអាចរកចំណូលបានរាប់លានដុល្លារ។
ជនសង្ស័យរូបនេះបានដាក់សាច់ប្រាក់ច្រើនជាង $១.៣ លានដុល្លារនៅក្នុងគណនីធនាគារពីរនៅចន្លោះខែធ្នូ ឆ្នាំ២០១៧ ដល់ខែសីហា ឆ្នាំ២០២១ ប៉ុន្តែបានរាយការណ៍ចំណូលប្រចាំឆ្នាំត្រឹមតែ $១២០,០០០ ប៉ុណ្ណោះ។នៅក្នុងសន្និសីទសារព័ត៌មានមួយក្នុងទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃអង្គារ មន្ត្រីសហរដ្ឋអាមេរិកជាមួយក្រសួងយុត្តិធម៌ និងក្រសួងសន្តិសុខមាតុភូមិ (DHS) បាននិយាយថា អ្នកជួញដូរមនុស្ស ដែលត្រូវបានចោទប្រកាន់ ពុំខ្វល់ខ្វាយពីជីវិតជនចំណាកស្រុកឡើយ ហើយព្រួយបារម្ភតែប្រាក់ចំណេញប៉ុណ្ណោះ៕