ម៉ឹង កុសល (19 09 22)
ព្រឹត្តិការណ៍ប្រកួតប្រដាល់គុនខ្មែរដណ្ដើមពានរង្វាន់និងខ្សែក្រវាត់សម្ដេចពិជ័យសេនាទៀបាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិនិងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ឆ្នាំ២០២៣(CAMSOC) បានចាប់ផ្ដើមកាលពី យប់ថ្ងៃទី១៨ខែកញ្ញាឆ្នាំ២០២២ នៅសង្វៀនស្ថានីយ៍ទូរទស្សន៍ កងយោធពលខេមរភូមិន្ទប៉ុស្តិ៍លេខ៥ព្រែកកំពឹស។
សម្រាប់ថ្ងៃប្រកួតដំបូងនេះ ដែលមានការប្រកួតចំនួន២គូនោះ កីឡាករ វ៉ាន់វឿន និង កីឡាករ ឈុត សេរីវ៉ាន់ថង បានទទួលជ័យជម្នះឈ្នះដូចគ្នា នៅក្នុងការប្រកួតជម្រុះជុំទី១នោះ ។កីឡាករ វ៉ាន់វឿន ដែលមកពីក្លិបឃ្លាំងមឿងកីឡា បានយកឈ្នះពិន្ទុដាច់លើ កីឡាករសៀវ ង៉ុយ ក្លិបអភិរក្សគុនខ្មែររុងរឿង បន្ទាប់ពីប្រកួតគ្នាប្រាំទឹកពេញ ដោយចៅក្រមទាំង៥រូបបានៀ្តល់ពិន្ទុឲ្យវ៉ាន់ វឿនឈ្នះទាំង៥រូប ។ចំពោះកីឡាករ ឈុត សេរីវ៉ាន់ថង ដែលមកពីក្លិបរាហ៊ូកីឡាខេត្តបាត់ដំបងនៃសមាគមកីឡាប្រដាល់ក្រសួងការពារជាតិ បានផ្តួលយកឈ្នះលើកីឡាករ រិន ដេវីដ ក្លិបនាគរាជចតុមុខ នៃសមាគមកីឡាប្រដាល់ក្រសួងមហាផ្ទៃ ឲ្យដួលសន្លប់ក្នុងដើមទឹកទី២ ។ដូច្នេះ វ៉ាន់ វឿន និង ឈុត សេរីវ៉ាន់ថង រកបាន៣ពិន្ទុមុនគេ ខណៈដែលសៀវ ង៉ុយ និង រិន ដេវីដ ជួបសំណាងមិនល្អបាន១ពិន្ទុដូចគ្នា ។
ព្រឹត្តិការណ៍ប្រកួតប្រដាល់គុនខ្មែរដណ្ដើមពានរង្វាន់និងខ្សែក្រវាត់សម្ដេចពិជ័យសេនាទៀបាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិនេះ ជាការប្រកួតក្នុងប្រភេទទម្ងន់៦០គីឡូក្រាមដែលមានកីឡាករខ្លាំងៗចំនួន៨រូបចូលរួម ចែកចេញជា២ពូល ដោយក្នុងមួយពូលៗមាន៤នាក់។ ពូលនីមួយៗត្រូវជម្រុះ២នាក់ចេញ ហើយទុក២នាក់ដែលមានពិន្ទុលើសគេ ដើម្បីឡើងទៅប្រកួតបន្តវគ្គពាក់កណ្តាលផ្ដាច់ព្រ័ត្រ។
សូមបញ្ជាក់ថា នៅក្នុងពិធីបើកការប្រកួតកីឡាប្រដាល់គុនខ្មែរដណ្តើមពានរង្វាន់និងខ្សែក្រវាត់ សម្ដេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ឆ្ពោះទៅព្រឹត្តិការណ៍SEA Game-Asean Para Game2023 នាយប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ នៅសង្វៀនស្ថានីយ៍ទូរទស្សន៍កងយោធពលខេមរភូមិន្ទប៉ុស្តិ៍លេខ៥ព្រែកកំពឹស មានការអញ្ជើញចូលរួមពិធីពីសំណាក់ឯកឧត្តមនាយ ឧត្តមសេនីយ៍ ឃឹម ប៊ុនសុង រដ្ឋលេខាធិការក្រសួងការពារជាតិ តំណាងសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានCAMSOC និងឯកឧត្តមឧត្តមសេនីយ៍ឯក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាគុនខ្មែរ។
ឯកឧត្តមនាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង បានមានប្រសាសន៍បញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតកីឡាប្រដាល់គុនខ្មែរដណ្តើមពានរង្វាន់និងខ្សែក្រវាត់ សម្តេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នាពេលនេះ ពិតជាបានចូលរួមចំណែកជាមួយនឹងការអភិវឌ្ឍរបស់រាជរដ្ឋាភិបាលកម្ពុជាដូចជាចូលរួមចំណែកផ្សព្វផ្សាយនូវសមិទ្ធផលរីកចម្រើនលើគ្រប់វិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទំាងរួមចំណែកលើកស្ទួយវិស័យសិល្បៈ វប្បធម៌ កីឡា នយោបាយ សេដ្ឋកិច្ច ទេសចរណ៍ និងវិស័យផ្សេងទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា។
ឯកឧត្តមនាយឧត្តមសេនីយ៍បានបន្តថា កីឡាករ-កីឡាការិនីរបស់យើង ជាមួយផែនការអភិរក្ស និងអភិវឌ្ឍន៍វិស័យសិល្បៈក្បាច់គុនបុរាណខ្មែរ ជាសម្បត្តិវប្បធម៌ជាតិ ព្រមទាំងពង្រឹងសមត្ថភាពដល់មន្ត្រីបច្ចេកទេស គ្រូបង្វឹក កីឡាករ-កីឡាការិនីត្រៀមលក្ខណៈសម្បត្តិឲ្យបានគ្រប់គ្រាន់ចូលរួមការប្រកួតជាលក្ខណៈជាតិអន្តរជាតិជាពិសេសការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ ដែលកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះ៕