កាលពីដើមខែកញ្ញាកន្លងទៅក្រុមតោខៀវ Chelsea បានសម្រេចចិត្តបណ្តេញលោក Thomas Tuchel ចេញពីតំណែង បន្ទាប់ពីមានការចាប់ផ្តើមរដូវកាលមិនបានល្អ ស្របពេលគាត់ក៏ត្រូវបានគេរាយការណ៍ថា មានទំនាក់ទំនងល្អក់កករជាមួយនឹងប្រធានក្លិបថ្មីលោក Todd Boehly ផងដែរ ។
ក្រោយបណ្តេញលោក Tuchel ចេញ ក្រុម Chelsea បាននាំយកគ្រូបង្វឹករបស់ក្រុម Brighton លោក Graham Potter មកជំនួតំណែងនេះវិញភ្លាមៗ។បើយោងតាមសារព័ត៌មាន Bild Sport បានឱ្យដឹងថា លោក Tuchel អាចនឹងវិលត្រលប់មកដឹកនាំក្រុមវិញ ជាមួយនឹងក្លិប Bayern Munich និង Juventus កំពុងសម្លឹងមើលគាត់ ។
សូមជ្រាបថាទាំង Bayern និង Juventus សុទ្ធតែមានការចាប់ផ្តើមរដូវកាលដ៏គួរឱ្យខកចិត្តរៀងៗខ្លួន ដែលវាហាក់ដូចជាបានធ្វើឱ្យអ្នកចាត់ការក្រុមបច្ចុប្បន្ន ដូចជាលោក Julian Nagelsmann និង Max Allegri ស្ថិតនៅក្រោមសម្ពាធខ្លាំង៕