ភ្នំពេញ៖ នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២នេះ គឺជាវេលាដែលព្រឹត្តិការណ៍ថ្ងៃរះចំកណ្ដាលកំពូលប្រាសាទអង្គរវត្តនឹងត្រលប់មកវិញជាលើកទី២ហើយ។ នេះបើតាមការអះអាងបញ្ជាក់របស់អាជ្ញាធរជាតិអប្សរា។
ផ្អែកតាមការផ្សព្វផ្សាយព័ត៌មានលើគេហទំព័រហ្វេសប៊ុកផ្លូវការរបស់អាជ្ញាធរជាតិអប្សរានាថ្ងៃទី២១ ខែកញ្ញា បានរៀបរាប់ឱ្យដឹងថា នាវេលាម៉ោង៦កន្លះព្រឹក ថ្ងៃទី២២ ខែកញ្ញា ព្រះអាទិត្យនឹងរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្ត គឺជាវេលាពេលថ្ងៃ និងរយៈពេលយប់មានស្មើគ្នា ដែលជាព្រឹត្តិការណ៍ដ៏កម្រនេះ តែងតែកើតឡើង២ដងតែប៉ុណ្ណោះក្នុងមួយឆ្នាំ នៅក្នុងខែកញ្ញា និងខែមីនា។
តែដោយសារបញ្ហាអាកាសធាតុមិនអំណោយផលក្នុងសប្តាហ៍នេះ ប្រហែលជាមិនអាចបានឃើញព្រឹត្តការណ៍នេះដូចរាល់ឆ្នាំទេ។ បុរាណវិទូ និងជាប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ លោក អ៊ឹម សុខរិទ្ធី ព្រឹត្តិការណ៍ដែលកើតចំខែកញ្ញានេះគឺស្របនឹងការរៀបចំពិធីបោះបាយបិណ្ឌរបស់ពលរដ្ឋខ្មែរដែលជាព្រឹតិការណ៍គាប់ជួនមួយ។
លោកបានរៀបរាប់លម្អិតថា ព្រឹត្តិការណ៍សមរាត្រីនាខែកញ្ញានេះ ត្រូវចំវេលាដែលខ្មែរកំពុងបោះបាយបិណ្ឌ ហើយគាប់ជួននឹងសេចក្តីមានចែងក្នុងសិលាចារឹកថ្នល់បារាយណ៍ K279 នាចុងសតវត្សរ៍ទី៩បានអនុញ្ញាតឲ្យបោះបាយបិណ្ឌនៅថ្ងៃសមរាត្រីដែរ។ ព្រឹត្តិការណ៍ «សមរាត្រី» គឺថ្ងៃនឹងយប់ស្មើគ្នានឹងព្រឹត្តិការណ៍ព្រះអាទិត្យរះនៅចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្តលើកទី១ឆ្នាំ២០២២នេះកើតឡើងនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២៕