ម៉ឹង កុសល ( ២៧ ០៩ ២២)
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ជាថ្មីអំពីការខិតខំជួយប្រទេសមីយ៉ាន់ម៉ា ក្នុងខណៈដែលប្រទេសកម្ពុជា ជាប្រធានអាស៊ានឆ្នាំ ២០២២នេះ។ ការគូសបញ្ជាក់ជាថ្មីនេះ គ្រាដែលសម្ដេចតេជោ ហ៊ុន សែន បានទទួលជួបលោក Charles Michel ប្រធានក្រុមប្រឹក្សាអឺរ៉ុប ដើម្បីសម្ដែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ ខណៈដែលថ្នាក់ដឹកនាំទាំងពីរ អញ្ជើញចូលរួមក្នុងពិធីបុណ្យសពថ្នាក់ជាតិរបស់លោក អាបេ ស៊ិនហ្សូ អតីតនាយករដ្ឋមន្រ្តីជប៉ុន។
ឯកឧត្តម បណ្ឌិត កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានឲ្យដឹងថា ជាកិច្ចចាប់ផ្ដើមនៅក្នុងជំនួបនេះ សម្ដេចតេជោ បានស្វាគមន៍ ឯកឧត្តម Charles Michel និងគណៈប្រតិភូក្រុមប្រឹក្សាអឺរ៉ុប។ សម្ដេចតេជោ ក៏បានរំលឹកថា សម្ដេច និងឯកឧត្តម Charles Michel បានជួបគ្នានៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧ កាលពីពេលថ្មីៗនេះដែរ។ នៅក្នុងជំនួបនេះដែរ សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញឯកឧត្តម Charles Michel ប្រធានក្រុមប្រឹក្សាអឺរ៉ុប មកប្រទេសកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នៅខែវិច្ឆិកាខាងមុខ នារាជធានីភ្នំពេញ។ សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងថា អាស៊ាន-សហភាពអឺរ៉ុប មានកិច្ចសហការជាមួយគ្នា ហើយសម្ដេច នឹងអញ្ជើញទៅចូលរួមកិច្ចប្រជុំ Asean-EU នៅខែធ្នូខាងមុខ នាទីក្រុងប្រុចស្សែល តាមការអញ្ជើញរបស់សហភាពអឺរ៉ុប។
ជាការឆ្លើយតប ប្រធានក្រុមប្រឹក្សាអឺរ៉ុប បានថ្លែងអំណរគុណសម្ដេចតេជោ ចំពោះការអញ្ជើញលោកទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នៅរាជធានីភ្នំពេញ នាពេលខាងមុខ។ ឯកឧត្តម ពិតជារីករាយ ចំពោះកិច្ចសហការប្រតិបត្តិការរវាងអាស៊ាន និងសហភាពអឺរ៉ុប នាពេលនេះ។ នៅក្នុងជំនួបនេះដែរ ឯកឧត្តម Charles Michel ក៏បានស្នើសុំពិគ្រោះយោបល់ជាមួយសម្ដេចតេជោ ជុំវិញសភាពការណ៍សង្រ្គាមនៅអ៊ុយក្រែន, បញ្ហាសមុទ្រចិនខាងត្បូង, បញ្ហាសន្តិភាពនៅមីយ៉ាន់ម៉ា, បញ្ហាស្ថានភាពទូទៅរបស់ពិភពលោក ផងដែរ។
ពាក់ព័ន្ធនឹងបញ្ហានៅមីយ៉ាន់ម៉ា សម្ដេចតេជោ ហ៊ុន សែន គូសបញ្ជាក់ទៅកាន់ប្រធានក្រុមប្រឹក្សាអឺរ៉ុបថា សម្ដេច បានខិតខំជួយប្រទេសមីយ៉ាន់ម៉ា ក្នុងខណៈដែលសម្ដេចជាប្រធានអាស៊ានឆ្នាំ ២០២២នេះ។ សម្ដេចតេជោ ក៏បានលើកឡើងដែរថា ក្នុងខណៈជាប្រធានអាស៊ានឆ្នាំនេះ កម្ពុជាជួបបញ្ហាប្រឈមមួយចំនួនផងដែរ ពាក់ព័ន្ធស្ថានភាពតំបន់ និងពិភពលោក ជាពិសេសដូចជាបញ្ហាមីយ៉ាន់ម៉ាជាដើម។ តែទោះជាមានការលំបាក ឬជួបបញ្ហាប្រឈមយ៉ាងណាក៏ដោយ ក៏សម្ដេច នឹងខិតខំជួយដោះស្រាយដែរ។ ដោយឡែក ពាក់ព័ន្ធនឹងបញ្ហាសមុទ្រចិនខាងត្បូងវិញ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា អ្វីដែលសម្ដេចចង់ឃើញ គឺការបន្តអនុវត្តឲ្យបានពេញលេញនៃ DOC ហើយត្រូវខិតខំជំរុញការចរចា ដើម្បីឲ្យចេញ COC នាពេលខាងមុខ ទោះបីមានការលំបាកក៏ដោយ។ ម្យ៉ាងទៀត ក៏ខិតខំដោះស្រាយ ជុំវិញកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងចិនផងដែរ។
ឯកឧត្តម Charles Michel ប្រធានក្រុមប្រឹក្សាអឺរ៉ុប បានអរគុណចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបានផ្ដល់ទស្សនៈទាន ជុំវិញបញ្ហាអន្តរជាតិ ជាពិសេសបញ្ហាសមុទ្រចិនខាងត្បូង, ស្ថានភាពសង្រ្គាមនៅអ៊ុយក្រែន។ ជាមួយគ្នានេះ លោកប្រធានក្រុមប្រឹក្សាអឺរ៉ុប ក៏បានចាត់ទុកទំនាក់ទំនងរវាងអាស៊ាន និងអឺរ៉ុប ថា ពិតជាមានសារៈសំខាន់៕