ស្តេចអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ Salman bin Abdulaziz បានតែងតាំងព្រះអង្គម្ចាស់ Mohammed bin Salman (MBS) បុត្ររបស់ទ្រង់និងត្រូវជាព្រះរាជទាយាទ ជានាយករដ្ឋមន្ត្រី និងបុត្រទីពីរគឺព្រះអង្គម្ចាស់ Khalid ជារដ្ឋមន្ត្រីក្រសួងការពារជាតិ។ នេះបើយោងតាមព្រះរាជក្រឹត្យមួយ ដែលបានផ្សព្វផ្សាយកាលពីថ្ងៃអង្គារ។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋ SPA បានដកស្រង់ខ្លឹមសារចេញពីព្រះរាជក្រឹត្យថា បើទោះបីជាមានការរុះរើសមាសភាពសមាជិកគណៈរដ្ឋមន្ត្រីក្ដី ក៏បុត្រាមួយអង្គទៀតរបស់ស្តេចអារ៉ាប៊ីសាអូឌីតនៅតែបន្ដកាន់តំណែងរដ្ឋមន្ត្រីក្រសួងថាមពលដដែល។
ព្រះរាជក្រឹត្យបានកំណត់ថា រដ្ឋមន្ត្រីក្រសួងការបរទេសព្រះអង្គម្ចាស់ Faisal bin Farhan Al Saud រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោក Mohammed al-Jadaan និងរដ្ឋមន្ត្រីក្រសួងវិនិយោគលោក Khalid al-Falih នៅតែស្ថិតក្នុងតំណែងរបស់ពួកគេ។
មុនការតែងតាំងនេះ ព្រះអង្គម្ចាស់ Mohammed bin Salman (MBS) ធ្លាប់ជារដ្ឋមន្ត្រីការពារជាតិនៃប្រទេសអារ៉ាប៊ីសាអូឌីត ដែលជាអ្នកនាំចេញប្រេងដ៏ធំបំផុតរបស់ពិភពលោក និងជាសម្ព័ន្ធមិត្តដ៏សំខាន់របស់សហរដ្ឋអាមេរិកនៅតំបន់មជ្ឈិមបូព៌ា។
មន្ត្រីអារ៉ាប៊ីសាអូឌីតម្នាក់បាននិយាយថា តួនាទីថ្មីរបស់ទ្រង់ជានាយករដ្ឋមន្ត្រីគឺស្របតាមការផ្ទេរសិទ្ធិនិងអំណាចរបស់ព្រះមហាក្សត្រដែលធ្លាប់មានកន្លងមក រួមទាំងការធ្វើជាតំណាងរបស់ព្រះរាជាណាចក្រក្នុងដំណើរទស្សនកិច្ចបរទេស និងជាប្រធានកិច្ចប្រជុំកំពូលដែលរៀបចំដោយព្រះរាជាណាចក្រផ្ទាល់៕