រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូនបន្តស្នើឱ្យក្រុមហ៊ុនពន្លឿនការសាងសង់ផ្លូវជាតិលេខ២និងលេខ២២ ឱ្យបានឆាប់រួចរាល់ ដើម្បីជួយដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋកាន់តែមានភាពងាយស្រួល និងមានសុវត្ថិភាព។ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា ដោយសង្កេតឃើញពីការយឺតយ៉ាវក្នុងការសាងសង់ផ្លូវជាតិលេខ២និងលេខ២២ ទើបថ្មីៗនេះក្រសួងបានជួបជាមួយនឹងគណៈប្រតិភូនៃសាធារណរដ្ឋកូរ៉េ និងភាគីពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហា និងពន្លឿងការអនុវត្តគម្រោងលើកកម្ពស់ផ្លូវជាតិលេខ២ និងលេខ២២ ឱ្យសម្រេចបានគោលដៅដែលបានគ្រោងទុក ។ ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី « សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមករបស់ក្រសួងសាធារណការ និងដឹកជញ្ជូន »
នៅព្រឹកថ្ងៃទី២៧ ខែតុលា នាទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តមទេសរដ្ឋមន្ត្រីបានបន្តថា ការសាងសង់ផ្លូវជាតិលេខ២និងលេខ២២ បើគិតតាមការគ្រោងទុកផ្លូវនេះត្រូវធ្វើហើយនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២ ប៉ុន្តែដោយសារមានបញ្ហាមួយចំនួនដូចជាក្រុមហ៊ុនសាងសង់មិនមានគ្រឿងចក្រ និងកម្លាំងពលកម្មគ្រប់គ្រាន់ ហើយក៏មានចំណុចខ្លះសង់ខ្វះគុណភាពផងនោះ ទើបក្រុមហ៊ុនម៉ៅការសាងសង់ផ្លូវនេះបានសុំពន្យាពេលដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២វិញ ប៉ុន្តែរហូតមកដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ ការសាងសង់នៅតែមិនទាន់ចប់រួចរាល់តាមផែនការដែលបានសន្យា ទើបក្រសួងបានជួបពិភាក្សាជាមួយភាគីពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហានេះបន្ថែមទៀត ។
ឯកឧត្តមក៏បានបានផ្តល់ អនុសាសន៍ដល់ក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវបន្តអនុវត្តការងារ និងដោះស្រាយបញ្ហាប្រឈមដែលបានកើតឡើងដោយស្មារតីទទួលលខុសត្រូវខ្ពស់ និងមិនបណ្តែតបណ្តោយឱ្យបញ្ហាប្រឈមទាំងអស់ធ្វើឱ្យជះផលប៉ះពាល់ដល់ការអនុវត្តគម្រោងការងារ ដែលជាកត្តាអវិជ្ជមានធ្វើឱ្យប៉ះពាល់ដល់ការធ្វើដំណើរ ការរស់នៅ និងការប្រកបអាជីវកម្មរបស់ពលរដ្ឋនៅតាមបណ្តោយផ្លូវនេះ ។
សូមបញ្ជាក់ថា គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ២ និងលេខ២២នេះ បានប្រកាសបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ។ ផ្លូវជាតិលេខ ២ មានប្រវែងសរុបជាង៦២គីឡូម៉ែត្រ គិតចាប់ពីរង្វង់មូលតាខ្មៅ ដល់រង្វង់មូលក្រុងដូនកែវ ខេត្តតាកែវ ខណៈផ្លូវជាតិលេខ ២២ មានប្រវែងសរុបជាង៩ គីឡូម៉ែត្រ ចាប់គិតពីរង្វង់មូលក្រុងដូនកែវ ដល់អង្គតាសោមផ្លូវជាតិលេខ៣ ។
គម្រោងស្ថាបនាផ្លូវជាតិដ៏សំខាន់នេះ គ្រោងចំណាយថវិកាសាងសង់សរុបប្រមាណ ៥៦ លានដុល្លារ ដែលជាហិរញ្ញប្បទានពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ៕