អត្ថបទ÷ជួន បូណា និងរូប
ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទនៃប្រទេសកម្ពុជា និងស្ថានទូតចិនប្រចាំកម្ពុជា បានរៀបចំ ពិធីសម្ពោធការនាំចេញផ្លែមៀនស្រស់កម្ពុជាទៅកាន់ទីផ្សារចិនជាផ្លូវការហើយ កាលពីព្រឹកថ្ងៃទី២៧ តុលា ២០២២។ពិធីសម្ពោធការនាំចេញផ្លែមៀនស្រស់កម្ពុជាទៅកាន់ទីផ្សារចិន ជាផ្លូវការនេះ ត្រូវបានរៀបចំធ្វើនៅទីស្ដីការ ក្រសួងកសិកម្ម ក្នុងរាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ព្រមទាំង មន្ត្រីពាក់ព័ន្ធ ក្រុមហ៊ុនឯកជន និងប្រជាកសិករដាំផ្លែមៀន ជាច្រើនរូបទៀត។
ឯកឧត្តម ងិន ឆាយ អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្មបានឲ្យដឹងថា ក្រសួងកសិកម្ម កម្ពុជា បានចាប់ផ្ដើមដំណើរចរចាដើម្បីបើកទីផ្សារនាំចេញផ្លែមៀនស្រស់កម្ពុជា ទៅកាន់ប្រទេសចិន ចាប់តាំងពីខែមិថុនា ឆ្នាំ២០១៩ មកម្ល៉េះ ដោយក្នុងដំណាក់កាលដំបូង កម្ពុជាបានផ្ញើជូនភាគីចិននូវឯកសារ បច្ចេកទេសសម្រាប់ការវិភាគសមាសភាពចង្រៃ។ បន្ទាប់ពីការចរចាលក្ខខណ្ឌតម្រូវភូតគាមអនាម័យបើកទីផ្សារអស់រយៈពេលជាង៣ឆ្នាំរួចមក នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ ភាគីចិនបានអនុម័តចុះបញ្ជីជាផ្លូវការនូវចម្ការមៀនចំនួន៧៤ និងរោងចក្រវេចខ្ចប់ ចំនួន៨ សម្រាប់នាំចេញផ្លែមៀនស្រស់កម្ពុជាទៅកាន់ប្រទេសចិន។«ចម្ការមៀនដែលទទួលបានការអនុម័តចុះបញ្ជីជាផ្លូវការឱ្យនាំចេញផ្លែមៀនទៅកាន់ទីផ្សារចិនទាំងចំនួន៧៤នោះ មាននៅខេត្តប៉ៃលិនចំនួន៤០ចម្ការ បាត់ដំបងចំនួន២៨ចម្ការ និងបន្ទាយមានជ័យចំនួន៦ចម្ការ។ ដោយឡែក រោងចក្រវេចខ្ចប់ចំនួន៨ រួមមាននៅខេត្តកណ្តាលចំនួន១ ខេត្តបាត់ដំបងចំនួន៣ ខេត្តប៉ៃលិនចំនួន២ និងខេត្តព្រះសីហនុចំនួន២»។
ឯកឧត្តម ឌិត ទីណា បានមានប្រសាសន៍ថា ការសម្រេចបាននូវការនាំចេញផ្លែមៀនស្រស់របស់កម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន នាពេលនេះ គឺជាសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រវាង ប្រទេសកម្ពុជានិងប្រទេសចិន ដែលនឹងចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍវិស័យកសិកម្ម តាមរយៈការជួយបង្កើនផលិតកម្ម ការទាក់ទាញវិនិយោគិនចិនក្នុងវិស័យផលិតកម្មកសិកម្ម ការសាងសង់ ហេដ្ឋារចនាសម្ព័ន្ធវេចខ្ចប់ និងកែច្នៃបម្រើឱ្យការនាំចេញ និងដល់ការបង្កើតការងារ និងបង្កើនប្រាក់ចំណូល របស់កសិករ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា។ នាពេលខាងមុខ កម្ពុជានឹងបើកការ ចរចាស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យ ជាមួយអគ្គរដ្ឋបាលគយចិន ដើម្បីបើកទីផ្សារប្រទេសចិន សម្រាប់ ការនាំចេញកសិផលកម្ពុជាផ្សេងទៀតជាបន្តបន្ទាប់ ដូចជា ម្រេច ដូងក្រអូប ទុរេន ផលិតផលសំបុកត្រចៀកកាំ ផ្លែម្នាស់ ផ្លែខ្នុរ និងគ្រាប់ឈូកជាដើម។
យោងទិន្នន័យនាំចេញកសិផលទៅក្រៅប្រទេស ដែលកត់ត្រាដោយអគ្គនាយកដ្ឋានកសិកម្ម ក្នុងឆ្នាំ២០២១ កម្ពុជា បាននាំចេញកសិផលទៅប្រទេសចិនចំនួន ជាង ៨៣ម៉ឺនតោន គិតជាទឹកប្រាក់ស្មើនឹងជិត ៧០០ លានដុល្លារ។ សម្រាប់រយៈពេល៩ខែ ដើមឆ្នាំនេះ ការនាំចេញកសិផលទៅប្រទេសចិនសម្រេចបានជាង ៥៨ម៉ឺនតោន គិតជាទឹកប្រាក់ប្រមាណជាង ៤៩១លានដុល្លារ។ ឯកឧត្តមបន្តថា ក្រសួងកសិកម្មនឹង ខិតខំ ប្រឹងប្រែងជំរុញកិច្ចសហប្រតិបត្តិការ និងការវិនិយោគថ្មីថែមទៀតពីប្រទេសចិនក្នុងវិស័យកសិកម្ម ដើម្បី បម្រើផលប្រយោជន៍ទៅវិញទៅមកនៃប្រជាជន និងប្រទេសទាំងពីរ តាមរយៈការជួយបង្កើនផលិតកម្ម ការទាក់ទាញវិនិយោគទុនចិនក្នុងវិស័យផលិតកម្មកសិកម្ម ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធវេចខ្ចប់ និង កែច្នៃបម្រើឱ្យការនាំចេញ និងដល់ការបង្កើតការងារនិងបង្កើនប្រាក់ចំណូលរបស់កសិករ ដើម្បីជំរុញកា រអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា។
ក្នុងពេលនោះដែរ ឯកឧត្តម Wang Wentian បានមានប្រសាសន៍ ថា ការនាំចេញផ្លែមៀនកម្ពុជាទៅ ប្រទេសចិន គឺជាសមិទ្ធផលសំខាន់ថ្មីមួយទៀត នៃកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មនៃប្រទេសទាំងពីរ ដែលនឹងនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជនទាំងពីរ និងជំរុញការអភិវឌ្ឍបន្ថែមទៀត នៃទំនាក់ ទំនងមិត្តភាពរវាងចិននិងកម្ពុជា ហើយកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មរវាងប្រទេសទាំងពីរ នឹងឈាន ដល់កម្រិតថ្មីទៀត និងជួយអភិវឌ្ឍន៍សហគមន៍ជោគវាសនារួមប្រកបដោយភាពគ្រប់ជ្រុងជ្រោយ។
ឯកឧត្តមបានបន្ថែមថា ផ្លែមៀនគឺជាកសិផលមួយទៀត ដែលត្រូវបានអនុម័តឲ្យនាំចេញទៅចិន នៅឆ្នាំ ២០២២នេះ ពោលគឺបន្ទាប់ពីត្រីប្រា និងពោត ហើយក៏ជាផ្លែឈើប្រភេទទី៣របស់កម្ពុជា ដែលត្រូវបាន អនុញ្ញាតឲ្យនាំចេញទៅចិន។ ឯកឧត្តមក៏បានគូសបញ្ជាក់ដែរថា ភាគីចិននិងកម្ពុជាបាននិងកំពុងជំរុញ ការនាំចេញកសិផលកម្ពុជាកាន់តែច្រើនបន្ថែមទៀត ទៅកាន់ទីផ្សារប្រទេសចិន ខណៈដែលវិស័យពាក់ព័ន្ធ នឹងផ្តល់ឱកាសការងារកាន់តែច្រើនដល់កសិករកម្ពុជា លើកកម្ពស់ប្រាក់ចំណូលនិងជីវភាពរស់នៅរបស់ កសិករ និងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជននៃប្រទេសទំាងពីរ៕