ម៉ឹង កុសល (១៤ ១១ ២០២២)
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា អាស៊ានមិនធ្វើការបម្រើឱ្យរុស្សី ឬ អ៊ុយ ក្រែន នោះទេ ខណៈដែលអាស៊ានមានគោលជំហរ និងគោលការណ៍របស់ខ្លួន។ ការបញ្ជាក់បែបនេះរបស់សម្តេចតេជោនាយករដ្ឋមន្រ្តីគឺឆ្លើយតបជាមួយនឹងសំនួរអ្នកសារព័ត៌មាន ទាក់ទងនឹងសមាជិកភាពនៃសន្ធិសញ្ញាមិត្តភាពនិងសហប្រតិបត្តិការតំបន់អាស៊ីអាគ្នេយ៍ (Tac) ទាំង៧ប្រទេស ដែលមានប្រទេសអ៊ុយក្រែន ជាសមាជិកទី៥០ របស់អាស៊ាន ហើយការដែលទទួលអ៊ុយ ក្រែន ចំពេលដែលមានវិវាទជាមួយប្រទេសរុស្សី តើអាចប៉ះពាល់រវាងអាស៊ាននិងរុស្សីដែរឬទេ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានបង្ហាញលទ្ធផលសំខាន់ៗ នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកាលពីរសៀលថ្ងៃទី១៣ ខែវិច្ឆិកា បានឱ្យដឹងថា បញ្ហាអាស៊ានមិនមែនជាកូនចៀមរបស់អ្នកណា ដូចដែលអតីតប្រធានាធិបតី ឥណ្ឌូនេស៊ី បានប្រកាសក្នុងពេលដែលទទួលភាពជាប្រធានកាលពីកន្លងទៅ ។ សម្តេចតេជោ បានបន្តថា រុស្សី ក៏គ្មានហេតុផលណានឹងប្រឆាំងជំទាស់ ជាមួយនឹងការដែលអាស៊ានសម្រេចិត្តឡើយ។

សម្តេចតេជោ បានបញ្ជាក់ថា ឆ្នាំនេះជាឆ្នាំទី០១ ដែលអាស៊ានបានទទួលនូវសមាជិកចុះហត្ថលេខា លើសមាជិកភាពនៃសន្ធិសញ្ញាមិត្តភាពនិងសហប្រតិបត្តិការតំបន់អាស៊ីអាគ្នេយ៍ (Tac) ច្រើនជាងគេ។ ការដែលទទួលនូវសមាជិកនេះ គឺមានមូលហេតុចំនួន២ គឺទី១.បណ្តាប្រទេសនៅក្រៅ ដែគូខាងក្រៅ មើលឃើញកាន់តែខ្លាំង អំពីតួនាទីនិងសារសំខាន់ដែលត្រូវតភ្ជាប់ជាមួយនឹងអាស៊ាន ហើយចំណុចនេះមូលហេតុដោយអាស៊ានខ្លួនឯង ពង្រឹងតួនាទីរបស់ខ្លួនកាន់តែខ្លាំង ដែលធ្វើឱ្យមានការចាប់អារម្មណ៍ពីបណ្តាប្រទេសក្រៅតំបន់ ចង់ចូលរួមនៅក្នុងក្របខ័ណ្ឌសន្ធិសញ្ញាមិត្តភាពនិងសហប្រតិបត្តិការ ចង់ចូលរួមជាដៃគូតាមវិស័យ និងចង់លើកកម្រិតទំនាក់ទំនងជាដៃគូយុទ្ធសាស្ត្រឬចង់ធ្វើកិច្ចការជាមួយដៃគូអាស៊ាន។ទី២.ដោយពេលវេលា ព្រោះតែរយៈពេល៣ឆ្នាំកន្លងទៅនេះ ប្រទេសនានាសុទ្ធតែរងគ្រោះដោយវិបត្តិកូវីដ១៩

ដូច្នេះនៅប្រទេសវៀតណាមក៏មិនបានប្រជុំដោយផ្ទាល់ ប្រជុំនៅប្រ៊ុយណេក៏មិនបានប្រជុំដោយផ្ទាល់ ដូចនេះមានតែប្រជុំនៅកម្ពុជា។ ដោយសារតែឱកាសប្រជុំនៅកម្ពុជានេះហើយ ដែលជាការប្រជុំដំបូងបន្ទាប់ពីខកខានរយៈពេល២ឆ្នាំ ដូច្នេះបណ្តាប្រទេសទាំងនេះ មានឱកាសមកចុះហត្ថលេខានៅក្រុងភ្នំពេញតែម្តង ដែលធ្វើឱ្យចំនួននេះកើនឡើង។

សូមបញ្ជាក់ថា ប្រទេសអ៊ុយក្រែនបានចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាពនិងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ នៅថ្ងៃទី១០ ខែវិច្ឆិកា ដើម្បីក្លាយជាសមាជិកទី៥០នៅក្នុងសន្ធិសញ្ញាមួយនេះ ខណៈកាលពីខែសីហាកន្លងទៅ នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសលើកទី៥៥ នៅរាជធានីភ្នំពេញ មានប្រទេសចំនួន៦ រួមមាន៖ ប្រទេសដាណឺម៉ាក ក្រិក ហូឡង់ អូម៉ង់ កាតា និងអារ៉ាប់រួម បានចូលរួមក្នុងដំណើរការលើសន្ធិសញ្ញាមិត្តភាពនិងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ TAC ជាផ្លូវការ៕
