រដ្ឋធានីជេរូហ្សាឡឹម៖ អគ្គិភ័យមួយ បានផ្ទុះឆាបឆេះឡើង នៅក្នុងពិធីខួបកំណើត នៅផ្ទះល្វែងមួយខ្នង ហើយបន្ដរាលដាលដល់ជំរំជនភៀសខ្លួនចាបាលៀ (Jabalia) បណ្ដាលឲ្យកើតសោកនាដកម្មគួរឲ្យសោកសង្រេងយ៉ាងខ្លាំង។
សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ទី១៧ ខែវិច្ឆិកា ថា បើតាមបណ្ដាញផ្សព្វផ្សាយ ក្នុងស្រុក បានរាយការណ៍ ថា យ៉ាងហោច មានមនុស្ស ចំនួន២១នាក់ បានបាត់បង់ជីវិត និង ជាច្រើននាក់ផ្សេងទៀត រងរបួស នៅក្នុងឧបទ្ទវហេតុភ្លើងឆេះជំរំជនភៀសខ្លួន នៅចាបាលៀ ស្ថិតនៅភាគខាងជើង តំបន់ហ្កាហ្សាស្ទីប (Gaza Strip)។ ភ្លាមៗនោះ រថយន្ដសង្គ្រោះបន្ទាន់ បានទៅកាន់កន្លែងកើតហេតុ ហើយបានដឹកបញ្ជូនអ្នករងរបួស ទៅកាន់មន្ទីរពេទ្យ នៅក្នុងតំបន់ និង ខ្លះទៀត បានបញ្ជូនទៅកាន់ប្រទេសអ៊ីស្រាអែល។
ទីភ្នាក់ងារសារព័ត៌មានរបស់ប៉ាឡេស្ទីន WAFA បានរាយការណ៍ ថា នៅក្នុងចំណោមជនរងគ្រោះ ដែលបានបាត់បង់ជីវិតទាំងនោះ ក៏មានកុមារ ជាច្រើននាក់ផងដែរ។
ក្រសួងមហាផ្ទៃតំបន់ហ្កាហ្សា បានបញ្ជាក់ ថា ការស៊ើបអង្កេតបឋម បានបង្ហាញ ថា នៅក្នុងកន្លែងកើតហេតុនោះ មានស្ដុកទុកសាំងជាច្រើន ទើបបណ្ដាលឲ្យភ្លើងឆាបឆេះយ៉ាងលឿនបែបនេះ។
ក្រុមហាម៉ាស់ (Hamas) ដែលគ្រប់គ្រងតំបន់ហ្កាហ្សា (Gaza) បានបញ្ជាក់ ថា ការស៊ើបអង្កេតកំពុងតែបន្ដ ដើម្បីកំណត់ឲ្យបានច្បាស់ អំពីមូលហេតុ នៃគ្រោះអគ្គិភ័យនេះ។ ប៉ុន្ដែបើតាមស្រ្ដីម្នាក់ បានអះអាង មានទៀនជាច្រើនដើម បានអុជ នៅក្នុងអំឡុងពេលធ្វើពិធីខួបកំណើត ហើយក៏បង្កឲ្យកើតគ្រោះអគ្គិភ័យឆាបឆេះ រាលដាលដល់ជំរំជនភៀសខ្លួនតែម្ដងទៅ៕