អង្គការសុខភាពពិភពលោក (WHO)និយាយថានៅរដូវរងានេះមនុស្សរាប់លាននាក់នៅក្នុងប្រទេសអ៊ុយក្រែន “នឹងគំរាមកំហែងដល់អាយុជីវិត”ជាលទ្ធផលដែលរុស្ស៊ីវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលនិងមន្ទីពេទ្យជាង៧០០កន្លែងនៅទូទាំងប្រទេស។
លោកHans Henri P. Kluge នាយកប្រចាំតំបន់អឺរ៉ុបរបស់អង្គការសុខភាពពិភពលោក បានសម្ដែងការព្រួយបារម្ភនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ។លោកKluge និយាយថា បរិក្ខារពេទ្យចំនួន 703 កន្លែងនៅអ៊ុយក្រែនត្រូវបានវាយប្រហារចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីបានចាប់ផ្តើមនៅក្នុងខែកុម្ភៈ។
លោកបន្ថែមថា ការវាយប្រហារនោះបំពានច្បាប់មនុស្សធម៌អន្តរជាតិ និងច្បាប់នៃសង្គ្រាម។នាយកប្រចាំតំបន់រូបនេះនិយាយថា ហេដ្ឋារចនាសម្ព័ន្ធថាមពលជាងពាក់កណ្ដាលរបស់អ៊ុយក្រែនត្រូវបានខូចខាតឬបំផ្លាញ។ដូច្នេះមានន័យថា”មន្ទីរពេទ្យនិងមណ្ឌលសុខភាពរាប់រយកន្លែងលែងដំណើរការពេញលេញទៀតហើយ”។លោក Kluge បញ្ជាក់ថាគ្រឿងបរិក្ខារទាំងនោះខ្វះប្រេងឥន្ធនៈ ទឹក និងអគ្គិសនីដើម្បីបំពេញតម្រូវការមូលដ្ឋាន៕