អត្ថបទ÷ជួន បូណា និងរូប
សត្វកែះមួយក្បាល ត្រូវបានជួយសង្គ្រោះនៅក្នុងខេត្តបាត់ដំបង បន្ទាប់ពីជាប់អន្ទាក់របស់ព្រាន និងដេញចាប់ប្រផាប់ប្រភីងដោយក្រុមព្រានព្រៃ។ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យនៃក្រសួងបរិស្ថាន នៅថ្ងៃទី២២ ខែវិច្ឆិកានេះ បានឱ្យដឹងថា កាលពីថ្ងៃទី២១ ខែវិច្ឆិកា ក្រុមមន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃភ្នំសំកុស និងប្រជាពលរដ្ឋ បានចូលទៅជួយសត្វកែះមួយក្បាល ក្នុងស្ថានភាពថ្លោះចង្កេះ របួសជើង និងសន្លប់ ក្រោយធ្លាក់ពីលើជ្រោះ ហើយក្រុមព្រានបានរត់គេចខ្លួន។ សត្វកែះនេះកំពុងត្រូវបានថែរក្សា ការពារដោយមន្ត្រីឧទ្យានុរក្ស។ មន្ត្រីអ្នកជំនាញ ពេទ្យសត្វនៃអង្គការសម្ព័ន្ធមិត្ត សត្វព្រៃ Wildlife Alliance បាននិងកំពុងធ្វើដំណើរ ទៅ ជួយសង្គ្រោះសត្វកែះមួយក្បាលដែលរងរបួសនេះ។
ឯកឧត្តម បានបញ្ជាក់ថា សត្វកែះជាប្រភេទសត្វកម្រនៅលើពិភពលោក និងត្រូវបានកត់សម្គាល់ថា មាន វត្តមាន នៅក្នុងតំបន់ការពារធម្មជាតិនៅកម្ពុជា ដែលនេះគឺជាការផ្តល់នូវទិន្នន័យមួយយ៉ាងសំខាន់ សម្រាប់ ការអភិរក្សជីវៈចម្រុះនៅកម្ពុជា ក៏ដូចជាសម្រាប់ពិភពលោកទាំងមូល ខណៈក្រុមអ្នកស្រាវជ្រាវមិនទាន់មាន ទិន្នន័យពិតប្រាកដពីចំនួនសត្វកែះរស់នៅកម្ពុជានៅឡើយ ស្របពេលមានដង់ស៊ីតេរស់នៅកម្រិតទាបបំផុត ដោយសារតែជាសត្វកម្រ។
ឯកឧត្តម បានថ្លែងថា «បច្ចុប្បន្ននេះ សត្វកែះកំពុងប្រឈមមុខនឹងការបាត់បង់ពូជ ដោយសារតែការបរបាញ់ ការដាក់អន្ទាក់ និងការបាត់បង់ទីជម្រក។ អ្វីដែលធ្វើឱ្យសត្វកែះរងគ្រោះខ្លាំង ដោយសារតែការប្រមាញ់ ដើម្បី យកសាច់ ស្នែង ឆ្អឹងក្នុងការជួញដូរដោយសារតែជំនឿ«។ ឯកឧត្តម បានឱ្យដឹងបន្ថែមថា ដោយសារតែកែះ ជាសត្វមានភាពរហ័សរហួន និងពូកែស្រង់ក្លិន ភ្នែកពូកែ និងរស់នៅតាមទីជម្រកស្ងាត់ ដូច្នេះគេកម្រ នឹង ជួបប្រទះវាណាស់ ខណៈ រដូវបន្តពូជរបស់សត្វកែះមាននៅខែតុលា និងខែធ្នូ ហើយកើតបានកូន១ ជួនកាលភ្លោះមានដោយកម្រ បន្ទាប់ពីពពោះ៧ ខែ។ កូនរបស់វារស់នៅជាមួយមេវាស្ទើរពេញ១ឆ្នាំ ទើបចាកចេញ។
យោងតាមការសិក្សា សត្វកែះមានសម្បុរខ្មៅប្រផេះ និងរោមវែងស្តើង វាមានដងខ្លួនខ្លី ហើយជើងទាំង ៤ របស់វាវែង។ ផ្នែកខាងលើដងខ្លួនសម្បុរខ្មៅ និងផ្នែកក្រោមនៃជើងចាប់ពីក្បាលជង្គង់ចុះ មានពណ៌ចម្រុះខ្មៅ ប្រផេះ លឿង។ នៅលើពំនូកក្បាលដល់ស្មារបស់វាមានរោមរឹងវែងៗសណ្ឋានដូចជាប្រែង។ សត្វនេះមានស្នែងដូចសត្វពពែដុះកោងទៅក្រោយបន្តិច ប្រវែងប្រហែល ២៨០ មិល្លីមែត្រ ពណ៌ខ្មៅ និងមានគន្លាក់ៗជារង្វង់នៅផ្នែកគល់។ រីឯកន្ទុយខ្លី មានរោមសំពោងពណ៌ខ្មៅប្រផេះ។
តាមការសិក្សាចំពោះជីវសាស្ត្រវិញ សត្វកែះចូលចិត្តរស់នៅតំបន់ព្រៃភ្នំ ជ្រលង ផ្ទាំងថ្មខ្ពស់ៗ ដែលមាន គម្របព្រៃ និងមានស្រទាប់រុក្ខជាតិថ្នាក់ក្រោមច្រើន។ សត្វកែះមានជើងយ៉ាងចំណាប់ក្នុងការដើរឡើងតាមផ្ទាំងថ្មចោតៗ។ នៅពេលថ្ងៃវាចូលចិត្តសម្រាក តាមគុម្ពោតព្រៃក្រាស់ ហើយចេញរកស៊ី នៅពេលព្រលឹម ឬក្បាលព្រលប់។ វាចូលចិត្តស៊ីស្លឹករុក្ខជាតិ និងល្បះគ្រប់ប្រភេទ។ សត្វកែះចូលចិត្តយករូងភ្នំរាក់ៗធ្វើជាទីជម្រករបស់វា ហើយគេអាចសម្គាល់វត្តមានវា ដោយសារគំនរលាមក៕