ម៉ឹងកុសល (24 11 22)
សម្ដេចតេជោ ហ៊ុន សែន បានឱ្យម៉ារ៉ុកពិនិត្យមើលការរៀបចំកិច្ចព្រមព្រៀងមិនយកពន្ធត្រួតគ្នា ដើម្បីសម្រួលដល់វិនិយោ គិនឱ្យមកធ្វើការវិនិយោគទៅវិញទៅមករវាងប្រទេសទាំង២ ។
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍លើកឡើងបែប នេះ ក្នុងឱកាសអញ្ជើញទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Rachid Talbi El Alami ប្រធានរដ្ឋសភាម៉ារ៉ុក ក្នុងពេលដែលឯកឧត្តមបានអញ្ជើញចូលរួមក្នុងកិច្ច ប្រជុំអន្តរសភា (IPA)នៅក្នុងប្រទេសកម្ពុជា នៅវិមានសន្តិភាព នារសៀលថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០២២ ។
ឯកឧត្តមអ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោហ៊ុនសែនបានប្រាប់អ្នកសារ ព័ត៌មានឱ្យដឹងក្រោយបញ្ចប់ជំនួបថា នៅ ក្នុងជំនួបនោះ ឯកឧត្តម Rachid បានសំដែងនូវការគោរពវាយតម្លៃខ្ពស់ ជាមួយការអបអរសាទរជូនចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលបានអភិវឌ្ឍន៍កម្ពុជាឱ្យមានហេដ្ឋារចនាសម្ព័ន្ធល្អ ទីក្រុងស្រស់បំ ព្រង និងបានធ្វើការទទួលបានជោគជ័យយ៉ាងច្រើនសម្រាប់តំបន់ ។
ឯកឧត្តម Rachid ក៏បានសំដែងសេច ក្ដីរីករាយ ដែលបានចូលរួមក្នុងកិច្ចប្រជុំអាយប៉ា ក្នុងឋានៈជាអ្នកសង្កេតការណ៍ ហើយបានបង្ហាញនូវបំណងចង់ពង្រីក ពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា និងទាំងជាមួយតំបន់ផងដែរ។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានសំដែងនូវការស្វាគមន៍ និងបានមាន ប្រសាសន៍ថា ជាជំហានបន្ត ម៉ារ៉ុក អាចប្រឹងប្រែងធ្វើយ៉ាងណា ដើម្បីក្លាយខ្លួនទៅ ជាដៃគូសន្ទនាតាមវិស័យជាមួយអាស៊ាន។ ដោយឡែកជាមួយកម្ពុជាយើងអាចជំរុញទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម ដែលជាមូលដ្ឋាននាំទៅដល់ដំណើការទំនាក់ទំនងល្អ ទាំងវិស័យនយោបាយ និងវិស័យដទៃទៀត ។ ពាក់ព័ន្ធទៅនឹងវិស័យសេដ្ឋកិច្ច ពាណិជ្ជ កម្ម សម្ដេចតេជោនាយករដ្ឋមន្ត្រី បានមាន ប្រសាសន៍ថា យើងអាចពិនិត្យមើលការ រៀបចំកិច្ចព្រមព្រៀងមិនយកពន្ធត្រួតគ្នា ដើម្បីសម្រួលដល់វិនិយោគិនឱ្យមកធ្វើការវិនិយោគទៅវិញទៅមករវាងប្រទេសទាំង២ នាពេលខាងមុខ៕