ខ្សែប្រយុទ្ធ Erling Haalandបានក្លាយជាកីឡាករលឿនបំផុតដែលអាចរកបាន២០គ្រាប់នៅ Premier League ខណៈដែល Manchester City បានយកឈ្នះលើក្រុមម្ចាស់ផ្ទះ Leedsក្នុងលទ្ធផល៣-១ ។
ជាការប្រកួតដ៏តានតឹងក្នុងវគ្គទី១ ខណៈដែល Leeds ព្យាយាមទប់ធ្វើឱ្យ Manchester City តឹងចិត្ត ត្រូវរង់ចាំដល់នាទីទី៤៥+១ ចុងវគ្គទី១ ទើបក្រុមរបស់លោក Pep Guardiola រកបានគ្រាប់នាំមុខដោយ Rodri។ នៅវគ្គទី២ Erling Haalandស៊ុតបាន២គ្រាប់ម្នាក់ឯងនៅនាទីទី៥១ និង ៦៤។ គិតត្រឹម ១៥ប្រកួតប៉ុណ្ណោះ Erling Haaland បានស៊ុតបញ្ចូលទី ២០គ្រាប់ហើយនៅ Premier League រដូវកាលនេះ ខណៈ Manchester City ត្រលប់មកឈរលេខ២ វិញតាមពីក្រោយកាំភ្លើងធំ Arsenal ៥ពិន្ទុ។ គូសបញ្ជាក់ថាប្រកួតបន្ទាប់ Man City ត្រូវទទួល Everton ខណៈ Leeds ទៅលេងក្នុងទឹកដី Newcastle នៅថ្ងៃទី៣១ ខែធ្នូ៕