បន្ទាយមានជ័យ៖ អគ្គិភ័យ បានឆាបឆេះអគារកាស៊ីណូចំនួនបីអគារបណ្តាលឱ្យមនុស្ស ស្លាប់និងរបួសដែលត្រូវសង្គ្រោះជិត៧០នាក់ និងឆេះអស់ចំនួន៣អគារ។នេះបើយោងតាមតួរលេខបឋមរបស់អាជ្ញាធរក្រុងឱ្យដឹងនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២។
ជុំវិញហេតុការណ៍នេះសម្តេចក្រឡាហម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងក្រុមការងារគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ជាតិ និងខេត្តបានចុះពិនិត្យនិងដឹកនាំកម្លាំងអន្តរាគមន៍ផ្ទាល់ នៅទីតាំងឆាបឆេះនោះ។
សូមរំលឹកថាហេតុការណ៍អគ្គិសភ័យនេះបើយោងតាមព័ត៌មានបឋមគឺមូលហេតុបង្កមកពីឆ្លងចរន្តអគ្គិសនីប៉ាណូជាប់ពីដាននៅអគារជាន់ក្រោមក្នុងកាស៊ីណូហ្គ្រេនដាយមិនស៊ីធី ដែលមានកំពស់១៧ជាន់។ហើយក៏បានឆាបឆេះរាលដាលដល់អគារកាស៊ីណូខាងជើងផ្លូវចំនួន៣អគារ ២ក្រុមហ៊ុនបណ្តាលឱ្យខូចខាតទាំងស្រុង។
ដោយសារការឆាបឆេះនិងមានផ្សែងខ្មួលខ្មាញ់ ធ្វើឱ្យភ្ញៀវនិងបុគ្គលិកកាស៊ីណូដែលជាប់គាំងលើអគារភ័យស្លន់ស្លោហើយខ្លះក៏លោតចុះពីលើអគារមកក្រោមបណ្តាលឱ្យស្លាប់និងរបួសយ៉ាងច្រើន។
អាជ្ញាធរមូលដ្ឋានក្រុងប៉ោយប៉ែតបានឱ្យដឹងនៅម៉ោង១២និង៣០នាទី ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២នេះថា កម្លាំងជំនាញបង្ការសង្គ្រោះអគ្គិសភ័យនៅកំពុងបន្តការបាញ់ពន្លត់នៅឡើយ ខណៈផ្នែកខ្លះនៃកាស៊ីណូនេះត្រូវបានគ្រប់គ្រងបានខ្លះហើយ។ជាមួយនេះអាជ្ញាធរមូលដ្ឋានក៏បានបញ្ជាក់ផងដែរថាអាគារដែលបានឆាបឆេះក្នុងឧបទ្ទវហេតុនោះមាន១.អគារក្រុមហ៊ុនហ្គ្រេនដាយមិនស៊ីធី .២អគារ និងក្រុមហ៊ុនកាស៊ីណូប៉ោយប៉ែតស៊ីធី១អគារ ដោយរបាយការណ៍បឋមរកឃើញមានអ្នកស្លាប់១១នាក់ និងរបួសត្រូវសង្គ្រោះ៥៨នាក់។