ប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr. និយាយថាលោកចង់ឱ្យដំណើររបស់លោកទៅកាន់ប្រទេសចិនដែលរួមមានកិច្ចប្រជុំជាមួយសមភាគីរបស់លោកនៅថ្ងៃពុធនេះ ដើម្បីជំរុញទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរប៉ុន្តែលោកប្រឈមមុខនឹងបញ្ហាដែនទឹកជុំវិញជម្លោះនៅសមុទ្រចិនខាងត្បូងដែលកំពុងបន្ត។
លោកបានមកដល់ទីក្រុងប៉េកាំងកាលពីថ្ងៃអង្គារសម្រាប់ដំណើរទស្សនកិច្ចជាផ្លូវការរយៈពេល៣ថ្ងៃលើកដំបូងរបស់លោកក្នុងប្រទេសមហាអំណាចនៅអាស៊ីមួយនេះចាប់តាំងពីចូលកាន់តំណែង។
មានការយល់ខុសគ្នារវាងចិន និងហ្វីលីពីនជុំវិញសមុទ្រចិនខាងត្បូង។ប្រទេសចិនបានទាមទារដែនទឹកភាគច្រើន ប៉ុន្តែតុលាការមជ្ឈត្តកម្មអន្តរជាតិបានច្រានចោលការទាមទានោះទាំងស្រុងក្នុងឆ្នាំ២០១៦។លោក Marcos គាំទ្រការសម្រេចចិត្តនេះ។
លោក និងប្រធានាធិបតី Xi Jinping គ្រោងនឹងពិភាក្សាអំពីជម្លោះនៅក្នុងកិច្ចប្រជុំកំពូលរបស់ពួកគេ។លោក Marcos ចង់បង្កើតបណ្តាញសន្ទនាដោយផ្ទាល់ថ្មីមួយរវាងប្រទេសរបស់ពួកគេសម្រាប់ពេលដែលភាពតានតឹងផ្នែកយោធាកើនឡើងនៅសមុទ្រចិនខាងត្បូង៕