ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជាឲ្យរដ្ឋមន្ត្រីការពារជាតិរបស់គាត់ កំណត់បទឈប់បាញ់រយៈពេល ៣៦ម៉ោង នៅសមរភូមិជួរមុខក្នុងប្រទេសអ៊ុយក្រែន ដែលចាប់ផ្តើមពីថ្ងៃសុក្រ ដើម្បីប្រារព្ធពិធីបុណ្យគ្រិស្តអូស្សូដក់។លោក ពូទីន បានចេញបញ្ជាកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីមានការអំពាវនាវពីសម្តេចសង្ឃ Kirill ដែលជាប្រធានវិហារគ្រិស្តអូស្សូដក់របស់រុស្ស៊ី។
លោកបានអំពាវនាវដល់កងកម្លាំងអ៊ុយក្រែនឲ្យអនុវត្តបទឈប់បាញ់នេះ។ ទោះបីជាយ៉ាងណាក៏ដោយ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានច្រានចោលសំណើរនេះភ្លាមៗ។
លោកZelenskyy បាននិយាយថា “ពួកគេចង់ប្រើបុណ្យណូអែលគឺគ្រាន់តែជាការប៉ុនប៉ង ដើម្បីបញ្ឈប់ការប្រយុទ្ធរបស់យោធាអ៊ុយក្រែននៅក្នុងតំបន់ Donbas ភាគខាងកើត ហើយរុស្ស៊ីនាំយកមនុស្ស និងឧបករណ៍ចូលបន្ថែមទៀត ប៉ុណ្ណោះ។
លោកបានបន្ថែមថា សង្រ្គាមនឹងបញ្ចប់នៅពេលដែលទាហានរុស្ស៊ីចាកចេញ ឬកងកម្លាំងរបស់គាត់បណ្តេញពួកគេចេញ។
ប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan បានស្នើសុំលោក Putin ក្នុងអំឡុងពេលការហៅទូរស័ព្ទកាលពីថ្ងៃព្រហស្បតិ៍ដើម្បីប្រកាសបទឈប់បាញ់ជាឯកតោភាគី។ លោកបានស្នើម្តងទៀតដើម្បីសម្រុះសម្រួលការចរចាសន្តិភាព។លោក ពូទីន បាននិយាយថា លោកបើកចំហចំពោះការសន្ទនា ប៉ុន្តែមេដឹកនាំអ៊ុយក្រែនចាំបាច់ត្រូវទទួលយកការបាត់បង់ទឹកដីដែលលោកបានបញ្ចូល៕