ភ្នំពេញ៖ ក្រោយមានបណ្ដាញសង្គមមួយចំនួនបាន យករូបចាស់ៗកាលពីឆ្នាំ២០២០កន្លងទៅ មកបង្ហោះជាសាធារណៈថាទីតាំង ផ្សារស៉ីធីម៉ល មានបង្កប់ល្បែងស៊ីសងខុសច្បាប់ប្រភេទហ្គេមបាញ់ត្រី នៅខាងក្នុង ដូច្នេះកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ៧មករាបានចុះដល់ទីតាំងនិងត្រួតពិនិត្យជាក់ស្ដែង ពុំមានដូចការចុះផ្សាយនោះឡើយ ឃើញតែប្រភេទហ្គេមកូនក្មេងលេងយករង្វាន់តុក្កតា និងហ្គេមក្មេងលេងធម្មតាប៉ុណ្ណោះ។
សូមជម្រាបជូនថា ប្រតិបត្តិការចុះត្រួតពិនិត្យ ធ្វើឡើងនៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ ២០២៣ មានការបញ្ជាពី លោក ថេង សុថុល អភិបាលនៃគណៈអភិបាលខណ្ឌ ៧មករា បានចាត់ឲ្យលោក ណុប ផា អភិបាលរង ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចុះត្រួតពិនិត្យផ្ទាល់តែម្ដង នៅចំណុចទីតាំង ផ្សារទំនើបស៊ីធីម៉ល ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២១៧ ភូមិ០៧ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ តែពុំមានអ្វីពាក់ព័ន្ធបទល្មើសនិងល្បែងស៉ីសងឡើយ។
នៅក្នុងការចុះត្រួតពិនិត្យនេះផងដែរអាជ្ញាធរ បានអប់រំណែនាំដល់ម្ចាស់គ្រប់គ្រងទីតាំង និងបានធ្វើការកិច្ចសន្យា ចំពោះមុខជាមួយសមត្ថកិច្ច ហាមមិនឱ្យមានបង្កប់ល្បែងស៊ីសងគ្រប់ប្រភេទនិងបទល្មើសផ្សេងៗដែលខុសច្បាប់ ការជួញដូរមនុស្ស និងសារធាតុញៀនជាដើម។ ក្នុងករណីមិនអនុវត្តតាមកិច្ចសន្យាអាជ្ញាធរនិងអនុវត្តតាមតិវិធីច្បាប់៕