អន្តរជាតិ៖យោធាមីយ៉ាន់ម៉ាបានដាក់ប្រទេសក្នុងគ្រាអាសន្នរយៈពេលប្រាំមួយខែបន្ថែមទៀតខណៈដែលខ្លួនបានប្រកាសវិធានការណ៍នេះបន្ទាប់ពីបានដណ្តើមអំណាចក្នុងរដ្ឋប្រហារ។
មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា លោកឧត្តមសេនីយ៍ Min Aung Hlaing បាននិយាយនៅក្នុងកិច្ចប្រជុំមន្ត្រីយោធាកំពូលកាលពីថ្ងៃចន្ទថា វានៅតែលឿនពេកក្នុងការរៀបចំការបោះឆ្នោត ដោយសារអំពើហិង្សានៅតែបន្ត។ លោកបាននិយាយថា ការរៀបចំត្រូវតែធ្វើឡើងសម្រាប់ការបោះឆ្នោត ហើយយោធាត្រូវតែបន្តទទួលបន្ទុក។
យោធាបានប្រកាសដាក់ប្រទេសក្នុងភាពអាសន្នក្នុងឆ្នាំ 2021 ហើយចាប់តាំងពីពេលនោះមកបានពង្រីកវាចំនួន 3 លើកមកហើយ ខណៈពេលដែលពួកគេបន្តបង្រ្កាបលើកងកម្លាំងគាំទ្រលទ្ធិប្រជាធិបតេយ្យ។
យ៉ាងណាមិញប្រទេសមីយ៉ាន់ម៉ា ត្រូវបានគេដឹងថានឹងរៀបចំការបោះឆ្នោតនៅខែសីហា ក្នុងគោលបំណងត្រួសត្រាយផ្លូវសម្រាប់ការផ្លាស់ប្តូរលទ្ធិប្រជាធិបតេយ្យ។ ប៉ុន្តែការពន្យាពេលចុងក្រោយបំផុតលើកទីបួននៃវិធានការគ្រាអាសន្នដែលចូលជាធរមានភ្លាមៗខាងលើនេះមានន័យថាការបោះឆ្នោតនឹងមិនត្រូវបានធ្វើឡើងមុនខែកុម្ភៈឆ្នាំក្រោយនោះទេ។
ការប្រយុទ្ធគ្នានៅតែបន្តរវាងយោធានិងសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យ។ គិតត្រឹមថ្ងៃចន្ទសប្ដាហ៍នេះ ជនស៊ីវិល 3,857 នាក់ត្រូវបានសម្លាប់ចាប់តាំងពីរដ្ឋប្រហារ។ នេះបើយោងតាមក្រុមសិទ្ធិមនុស្ស៕