សមាគមកាយប្ញទ្ធិនារីកម្ពុជា ទទួលជ័យជម្នះជាប់ឆ្នោតសម្រាប់ការរៀបចំនៃសន្និបាតធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៦
ម៉ឹង កុសល (០១.០៨.២០២៣)
ប្រជាពលរដ្ឋកម្ពុជាកោតសរសើរនិងអបអរសាទរ ចំពោះក្រុមការងារសមាគមកាយប្ញទ្ធិនារីកម្ពុជា ដែលទទួលជ័យជម្នះជាប់ឆ្នោត សម្រាប់ការរៀបចំធ្វើជាម្ចាស់ផ្ទះនៃសន្និបាតសមាគមកាយឫទ្ធិនារីពិភពលោកលើកទី៣៩ នៅឆ្នាំ២០២៦ ដែលនេះ ជាការខិតខំប្រឹងប្រែងរហូតទទួលបានលទ្ធផលដ៏ត្រចះត្រចង់ជូនប្រទេសកម្ពុជា នៅលើឆាកអន្តរជាតិ ។
កញ្ញា តារាវឌី ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ បានសម្តែងការកោតសសើរចំពោះ ក្រុមការងារសមាគមកាយប្ញទ្ធិនារីកម្ពុជា ជាពិសេសលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលដឹកនាំប្រតិភូកាយឫទ្ធិនារីកម្ពុជា ចូលរួមអង្គសន្និបាតលើកទី ៣៨ របស់សមាគមកាយឫទ្ធិនារីពិភពលោក (38th WAGGGS Conference) និងបានព្យាយាមយ៉ាងស្វិតស្វាញ ដើម្បីស្នើបេក្ខភាពកម្ពុជាឱ្យបានចូលរួមបោះឆ្នោតជ្រើសរើសប្រទេសធ្វើជាម្ចាស់ផ្ទះ សម្រាប់រៀបចំសន្និបាតពិភពលោកលើកទី ៣៩ ឆ្នាំ ២០២៦ ។ កញ្ញា បានបន្តថា សម្រាប់ការធ្វើជាម្ចាស់ផ្ទះនាពេលខាងមុខនេះ នឹងរួមចំណែកធ្វើឱ្យប្រទេសកម្ពុជាកាន់តែមានការទទួលស្គាល់ជាអន្តរជាតិ ជាពិសេសក៏ជាការបង្ហាញពីសមត្ថភាពរបស់ស្រ្តីកម្ពុជាថែមទៀតផង ។ ជាងនេះទៅទៀត លោកស្រី មៀច លក្ខណា ប្រជាពលរដ្ឋរស់នៅខេត្តកំពង់ចាម បានលើកឡើងថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុន ម៉ាណែត សមាគមកាយឫទ្ធិនារីកម្ពុជា បានទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ពិភពលោកនេះ គឺជាមហាកិត្តិយសដ៏ឧត្ដុង្គឧត្តមសម្រាប់ប្រជាជនកម្ពុជា ព្រមទាំងជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីបន្ថែមទៀត សម្រាប់ចលនាកាយរឹទ្ធិកម្ពុជា ដែលបានបង្ហាញពីកិត្យានុភាពព្រះរាជាណាចក្រកម្ពុជាលើឆាកអន្តរជាតិ។
សូមបញ្ជាក់ថា សមាគមកាយឫទ្ធិនារីកម្ពុជា បានចូលរួមអង្គសន្និបាតលើកទី ៣៨ របស់សមាគមកាយឫទ្ធិនារីពិភពលោក (38th WAGGGS Conference) ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៦ ដល់ថ្ងៃទី៣១ ខែ កក្កដា ឆ្នាំ ២០២៣ នៅសាធារណរដ្ឋ Cyprus ។ ក្នុងនោះ កម្ពុជាត្រូវបានជាប់ក្នុងចំណោម៣ ប្រទេសចុងក្រោយ រួមមាន កម្ពុជា, ហ្គាណា និងទុយនេស៊ី ក្រោយពីគណៈកម្មាធិការ បានវាយតម្លៃយ៉ាងល្អិតល្អន់ សម្រាប់ឈានទៅបោះឆ្នោតវគ្គបន្ត ។ បន្ទាប់មកកម្ពុជា ក៏បានបន្តជាប់ក្នុងចំណោម ២ ប្រទេសចុងក្រោយគឺ កម្ពុជា និងហ្គាណា ដើម្បីឈានទៅបោះឆ្នោតសម្រេចផ្ដាច់ព្រ័ត្រ ហើយនៅទីបំផុត និងជាលទ្ធផលប្រវត្តិសាស្ត្រ និងមហាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះរាជាណាចក្រ កម្ពុជាយើងត្រូវបានជ្រើសរើស ឱ្យធ្វើជាម្ចាស់ផ្ទះរៀបចំសន្និបាតពិភពលោកលើកទី៣៩ ឆ្នាំ២០២៦ របស់សមាគមកាយប្ញទ្ធិនារីពិភពលោក (39th WAGGGS Conference) ៕