ថត ភារៈ លោក ហែម ស៊ីណា អភិបាលស្រុករំដួល និងឯកឧត្តម ដុំ សាមុត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមនាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម ប្រធានក្រុមការងារចុះមូលដ្ឋានស្រុករំដួល បាននាំយកទៀនព្រះវស្សានិងទេយ្យទានប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ៣វត្ត ក្នុងស្រុករំដួល
(ខេត្តស្វាយរៀង): លោក ហែម សុីណា អភិបាលស្រុករំដួល និងឯកឧត្តម ដុំ សាមុត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមនាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម ក្រុមការងាររាជរដ្ឋាភិបាល និងជាប្រធានក្រុមការងារចុះដ្ឋានស្រុករំដួល នៅព្រឹកចន្ទ ១៤កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ បាននាំយកទៀនព្រះវស្សា ទេយ្យទាន ទៅប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សានៅវត្តចំនួន៣ នៅក្នុងស្រុករំដួល ខេត្តស្វាយរៀង។
នៅក្នុងពិធីនោះ លោក ហែម សុីណា អភិបាលស្រុករំដួល បានជួបសំណេះសំណាលជាមួយព្រះសង្ឃ តាជី យាយជី និងពុទ្ធបរិស័ទ្ធចំណុះជើងវត្ត ព្រមទាំងបាន លើកឡើង ពីភាពរីកចម្រើន លើវិស័យពុទ្ធចក្រ និងអាណាចក្រ ដែលវិស័យទាំងពីរនេះ ចាំបាច់ត្រូវដើរ ទន្ទឹមគ្នា ពីព្រោះព្រះពុទ្ធសាសនា បានចាក់ឫស យ៉ាងជ្រៅ ទៅក្នុងផ្នត់គំនិត និងទំនៀមទំលាប់ប្រពៃណី របស់ប្រជាជនខ្មែរយើង ដែលប្រជាជនកម្ពុជា មានជំនឿជឿជាក់ និងគោរពប្រតិបត្តិ និងបានដើរតួនាទីយ៉ាងសំខាន់ សំរាប់ការឯកភាពជាតិ ការសិក្សាអប់រំផ្លូវចិត្ត ឲ្យបុគ្គលគ្រប់រូប ដើរតាមផ្លូវល្អជាដើម។
បន្ថែមលើសពីនេះ ឯកឧត្តម ដុំ សាមុត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមនាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម បានថ្លែងអំណរគុណជូនចំពោះសកម្មជនគណបក្សទូទាំងស្រុករំដួល ដែលមានសមាសភាពចូលរួមជាច្រើននាក់ និងអបអរសាទរចំពោះលទ្ធផលដែលទទួលបានអំពីការខិតខំបំពេញតួនាទីជាសមាជិកគណបក្សដ៏ឆ្នើមដឹកនាំ និងចលនាសមាជិកគណបក្សនិងប្រជាពលរដ្ឋទៅបោះឆ្នោតបានច្រើនកុះករផងដែរ។
សូមបញ្ជាក់ថា ឯកឧត្តមបាននាំ ទៀនព្រះវស្សា បច្ច័យ និងទេយ្យវត្ថុបានប្រគេន ព្រះសង្ឃ ដោយក្នុងមួយវត្តទទួល បាន ទានវស្សា ទឹកផ្លែឈើ មី អង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកដោះគោ តែ ស្ករ ត្រីខ ប៊ីចេង និង បច្ច័យមួយចំនួនផងដែរ៕