អន្តរជាតិ៖ប្រធានគណៈកម្មការអឺរ៉ុប Ursula von der Leyen មានប្រសាសន៍ថា EU ត្រៀមខ្លួនជាស្រេចក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយហ្វីលីពីនលើសន្តិសុខដែនសមុទ្រ។
លោកស្រីVon der Leyen បានជួបជាមួយប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr. ក្នុងទីក្រុងម៉ានីលកាលពីថ្ងៃចន្ទ។ វាជាដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រធានគណៈកម្មការអឺរ៉ុបទៅកាន់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។
នៅក្នុងសន្និសីទសារព័ត៌មានមួយបន្ទាប់ពីកិច្ចប្រជុំ លោកស្រី Von der Leyen បាននិយាយថា៖ “ឥណ្ឌូប៉ាស៊ីហ្វិកដោយគ្មានការគំរាមកំហែងនៃការបង្ខិតបង្ខំ គឺជាគន្លឹះនៃស្ថិរភាព សន្តិភាព និងវិបុលភាពនៃប្រជាជនរបស់យើង”។
ដោយមិននិយាយចំឈ្មោះប្រទេសចិន លោកស្រី Von der Leyen ក៏បានគាំទ្រហ្វីលីពីន និងបញ្ជាក់សារជាថ្មីនូវការទទួលស្គាល់របស់សហភាពអឺរ៉ុបថា “សាលក្រមឆ្នាំ 2016 របស់តុលាការអន្តរជាតិក្រុងឡាអេលើសមុទ្រចិនខាងត្បូងមានកាតព្វកិច្ចស្របច្បាប់ ហើយថាវាផ្តល់មូលដ្ឋានសម្រាប់ការដោះស្រាយជម្លោះដោយសន្តិវិធីរវាងភាគីនានា”។
លោកស្រីបានបន្ថែមថា EU ត្រៀមខ្លួនជាស្រេចក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយទីក្រុងម៉ានីលលើសន្តិសុខដែនសមុទ្រតាមរយៈការចែករំលែកព័ត៌មាន និងការកសាងសមត្ថភាពរបស់ឆ្មាំសមុទ្រហ្វីលីពីន។
ជាការឆ្លើយតបលោក Marcos បាននិយាយថា៖ “ហ្វីលីពីន និងសហភាពអឺរ៉ុប គឺជាដៃគូដែលមានគំនិតដូចគ្នា តាមរយៈតម្លៃរួមនៃលទ្ធិប្រជាធិបតេយ្យ វិបុលភាពប្រកបដោយនិរន្តរភាព និងរួមបញ្ចូល នីតិរដ្ឋ សន្តិភាពនិងស្ថិរភាព និងសិទ្ធិមនុស្ស”។
គូសបញ្ជាក់ថាការគាំទ្ររបស់សហភាពអឺរ៉ុបសម្រាប់ហ្វីលីពីនលើបញ្ហាសមុទ្រចិនខាងត្បូង ធ្វើឡើងបន្ទាប់ពីមានការគាំទ្រស្រដៀងគ្នាដោយសហរដ្ឋអាមេរិក និងជប៉ុន៕