ថ្នាក់ដឹកនាំខេត្តកំពង់ចាម នាំយកទៀនព្រះវស្សា និងទេយ្យទាន ប្រគេនដល់ព្រះសង្ឃគង់នៅវត្តចំនួន៤ ក្នុងក្រុងកំពង់ចាម
កំពង់ចាម: ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោកជំទាវ ញូង ចរិយា ព្រមទាំងឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត និងថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត នាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ នេះ បាននាំយកទៀនចំណាំព្រះវស្សា និងទេយ្យទាន ប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តចំនួន ៤ ស្ថិតក្នុងក្រុងកំពង់ចាម រួមមាន ៖ វត្តខេមវ័នបឹងស្នាយ វត្តសុទស្សនារាមជ្រោយថ្ម វត្តបុទុមតរនៈតីដុះ និងវត្តជោតនារាមបឹងកុក ដោយក្នុងវត្តៗ ទៀនចំណាំព្រះវស្សា ១គូ អង្ករ ១៥០គីឡូក្រាម ទឹកសុទ្ធ ៥កេស ភេសជ្ជៈ ចំនួន ១០កេស ត្រីខ ១កេស ទឹកត្រី ១០យួរ ទឹកស៊ីអ៊ីវ ១០យួរ មី ១កេស ទឹកដោះគោខាប់ ១កេសធំ ស្ករស ១០គីឡូ តែ ១០គ.ក្រ និងបច្ច័យចំនួន ៣.៤៨០.០០០រៀល ។ ក្រៅពីនោះ ឯកឧត្ដម និងលោកជំទាវ ក៏បានប្រគេន ព្រះសង្ឃ ចំនួន ៧អង្គ ក្នុង ១អង្គ ទេយ្យវត្ថុ ១សម្រាប់ ចង្ហាន់ ១ស្រាក់ ផ្លែឈើ ១កន្រ្តក និងបច្ច័យចំនួន ១០ម៉ឺនរៀលផងដែរ ។
ក្នុងឱកាសនោះ ឯកឧត្តម ខ្លូត ផន ឯកឧត្តម អ៊ុន ចាន់ដា និងលោកជំទាវ ព្រមទាំង ក្រុមការងារ បានអុជធូបថ្វាយបង្គំព្រះរតនត្រ័យ និងវេរប្រគេនទានព្រះវស្សា និងទ័យវត្ថុ ដល់ព្រះសង្ឃ ទៅតាមកិច្ចសាសនា ដោយបានឧទ្ទិសបួងសួង សុំឲ្យវត្ថុសក្តិសិទ្ឋិ សូមជួយថែរក្សាប្រទេសកម្ពុជា ឲ្យមានភាពរីកចំរើន មានសន្តិភាព គង់វង្សជានិរន្តរ៍តរៀងទៅអនាគត ។
បន្ទាប់មកព្រះសង្ឃ ក៏បានធ្វើបទនមសក្ការប្រោះព្រំឲ្យពរឲ្យជ័យ សេរីសួស្តី ជ័យមង្គលជូនដល់ ឯកឧត្តម លោកជំទាវ និងលោក លោកស្រី ពុទ្ធបរិស័ទ ពិសេស បានឧទ្ទិសកុសលដល់បុព្វការីជន មានមាតា បិតា ជីដូនជីតា ញាតិ្តការទាំង ៧សណ្ដាន ព្រមទាំង ឧទ្ទិសបុណ្យកុសលដល់វីរៈយុទ្ឋជន យុទ្ឋនារី ដែលបានលះបង់ជីវិតក្នុងបុព្វហេតុជាតិ មាតុភូមិ ផងដែរ ។
គួរកត់សម្គាល់ដែរថា តាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ឋសាសនា ក្នុង ១ឆ្នាំ ព្រះសង្ឃត្រូវគង់ចាំព្រះវស្សាចំនួន ៣ខែ ក្នុងទីវត្តអារាម គឺ ចាប់ពីថ្ងៃទី១រោច ខែអាសាឍ ដល់ថ្ងៃ១៥កើត ខែអស្សុជ ដោយមិនអាចនិមន្តបិណ្ឌបាតទៅទីណាឡើយ ។ ហេតុដូចនេះហើយ ទើបពុទ្ធបរិស័ទដែលមានសទ្ឋាជ្រះថ្លាក្នុងព្រះពុទ្ឋសាសនា តែងប្រគេនទានព្រះវស្សា និងទ័យវត្ថុផ្សេងៗ ទៅកាន់ទីវត្តអារាម ដើម្បី ព្រះសង្ឃបានអុជបំភ្លឺ និងមានចង្ហាន់ របស់របរប្រើប្រាស់ ក្នុងកំឡុងពេលកាន់ព្រះវស្សា ៣ខែ នេះ ៕