អន្តរជាតិ៖ប្រេសិតរបស់ខ្លួនប្រចាំអង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិកនឹងផ្តល់អាទិភាពដល់គ្រោះទុរភិក្សដែលបង្កឡើងដោយជម្លោះ និងអសន្តិសុខស្បៀង ខណៈដែលខ្លួនកាន់តំណែងជាប្រធានប្តូរវេននៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលមានសមាជិក 15ប្រទេស នៅខែសីហានេះ។
លោកស្រីLinda Thomas-Greenfield បានប្រាប់អ្នកយកព័ត៌មានថារដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken នឹងធ្វើជាប្រធានកិច្ចពិភាក្សាកម្រិតខ្ពស់ស្តីពីគ្រោះទុរ្ភិក្សនិងអសន្តិសុខស្បៀងពិភពលោក។
លោកស្រីបាននិយាយថា “ការទទួលយកវិបត្តិសកលនេះគឺជាអាទិភាពកំពូលរបស់រដ្ឋបាលលោក Biden”។
លោកស្រីបានបន្តថា ភាពអត់ឃ្លានដែលបង្កឡើងដោយជម្លោះគឺជាបញ្ហាសំខាន់សម្រាប់សន្តិភាព និងសន្តិសុខអន្តរជាតិ ហើយបានជំរុញឱ្យក្រុមប្រឹក្សាសន្តិសុខចាត់វិធានការ។
លោកស្រីបាននិយាយថា៖ “ប៉ុន្តែដើម្បីធ្វើដូច្នេះ យើងត្រូវលុបបំបាត់ជម្លោះ… អរិភាពបង្កឱ្យមានភាពអត់ឃ្លាន ការប្រយុទ្ធគ្នាបង្កើតឱ្យមានទុរ្ភិក្ស”។
លោកស្រីបានចោទប្រកាន់រុស្ស៊ីថាបានបើកការវាយលុកទ្រង់ទ្រាយធំលើអ៊ុយក្រែន ដោយបង្អត់ពិភពលោកពីការនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន។
លោកស្រីThomas-Greenfield បាននិយាយថា អាហារមិនគួរត្រូវបានប្រើប្រាស់ជា “អាវុធនៃសង្គ្រាម” ហើយបានជំរុញឱ្យរដ្ឋជាសមាជិកទាំងអស់ចុះហត្ថលេខាលើសេចក្តីព្រាងសេចក្តីប្រកាសរបស់សហរដ្ឋអាមេរិក ដើម្បីប្រយុទ្ធប្រឆាំងនឹងអសន្តិសុខស្បៀង៕